ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ សម្រេចផ្អាកចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តតាកែវ ជាបណ្តោះអាសន្ន

    BY soknita November 5, 2024
    មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ សម្រេចផ្អាកចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តតាកែវ ជាបណ្តោះអាសន្ន

    (ខេត្តតែកែវ)៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តតាកែវ ជាបណ្តោះអាសន្ន។

    មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងលើស្ថានភាពទឹកភ្លៀងចុងឆ្នាំក្នុងរដូវវស្សា ឆ្នាំ២០២៤ នេះចាប់ផ្តើមធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន។

    ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងដែលបាន និងកំពុងជន់ឡើងជាហេតុបណ្តាល ឱ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ គ.ម៤១ ដល់គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុង ស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្ត ដឹកទំនិញធុនធ្ងន់បាន។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ សូមធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។

    សូមបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពតឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ២២ ឆ្ពោះទៅផ្លូវជាតិលេខ២ (ស្តុបអង្គតាសោម-ក្រុងដូនកែវ) ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះ អាសន្នសិន៕

    ប្រភព៖ រដ្ឋបាលខេត្តតាកែវ 

    Share This Post: