ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមយុទ្ធទ្វេភាគីរវាង កងទ័ពជើងគោក កម្ពុជា-ឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានចាប់ផ្តើមជាផ្លូវការ

    BY soknita May 6, 2026
    សមយុទ្ធទ្វេភាគីរវាង កងទ័ពជើងគោក កម្ពុជា-ឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានចាប់ផ្តើមជាផ្លូវការ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានរៀបចំពិធីបើកជាផ្លូវការ សមយុទ្ធ CINBAX II នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦។

    ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា–ឥណ្ឌា ដែលបានបន្តពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។

    សមយុទ្ធ CINBAX II នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើនទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

    Share This Post: