មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់ប្រទេសរុស្ស៊ីហើយ ដើម្បីជួបប្រជុំកំពូលជាមួយលោក វ្ល៉ាឌីមៀរ ពូទីន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនមកដល់ប្រទេសរុស្ស៊ីហើយមុននេះ ដោយបណ្តាញសារព័ត៌មានរុស្ស៊ីបាននិយាយថា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លោកមានបំណងប្រមូលការគាំទ្រពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំមួយ។ លោក គីម នឹងធ្វើឱ្យពិភពលោកដឹងថា លោកជាអ្នកលេងដ៏សំខាន់ ហើយក្នុងជំនួបលើកដំបូងរបស់លោក ជាមួយមេដឹកនាំរុស្ស៊ីនេះ លោក គីម ទំនងជានឹងពឹងលោក ពូទីន ជាជំនួយ ដើម្បីឱ្យអាមេរិកដកចេញនូវទណ្ឌកម្មអន្តរជាតិពីគាត់។

អ្នកដឹកនាំវ័យក្មេងរូបនេះនឹងជួបពិភាក្សាជាមួយលោក ពូទីន នៅក្នុងកំពង់ផែ Vladivostok នៃប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ នេះបើតាមសំដីលោក Yuri Ushakov អ្នកជំនួយការរបស់វិមានក្រឹមឡាំង ក្រុងម៉ូស្កូ។ លោកថ្លែងបន្តថា៖ «ក្នុងប៉ុន្មានខែចុងក្រោយនេះស្ថានភាពនៅជុំវិញឧបទ្វីបមានស្ថិរភាព នេះក៏ត្រូវអរគុណចំពោះការផ្តួចផ្តើមរបស់កូរ៉េខាងជើង ដើម្បីបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងបិទទ្វារទីតាំងសាកល្បងនុយក្លេអ៊ែរ» «ប្រទេសរុស្ស៊ីមានបំណងជួយតាមអ្វីដែលអាចធ្វើទៅបាន ដើម្បីពង្រឹងនិន្នាការវិជ្ជមាន»៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia