ជារៀងរាល់ឆ្នាំកុមារទូទាំងពិភពលោកជាង ២០លាននាក់ ខកខានក្នុងការទទួលវ៉ាក់សាំងជំងឺកញ្ជ្រឹល ដែលជាហេតុមានការផ្ទុះឡើងវិញនៃជំងឺនេះ
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បានបង្ហាញថា កុមារប្រមាណ ១៦៩លាននាក់ នៅទូទាំងពិភពលោកខកខានក្នុងការទទួលវ៉ាក់សាំងជំងឺកញ្ជ្រឹល រវាងពីឆ្នាំ ២០១០ និង ២០១៧ ដែលមានន័យថា ប្រហែល ២១.១លាននាក់ នៃកុមារបានខកខានទទួលថ្នាំបង្ការនេះជារៀងរាល់ឆ្នាំ។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺថា ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ ២០១៩ មានករណីជំងឺកញ្ជ្រិលជាង ១១០,០០០ ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក។ ដោយនេះបានបង្ហាញថា ករណីទាក់ទងនឹងជំងឺកញ្ជ្រឹលកើនឡើងដល់ទៅ ៣០០ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ។ ក្នុងឆ្នាំ ២០១៧ មានមនុស្សប្រហែល ១១០,០០០នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលវាក៏ជាការកើនឡើង ២២ភាគរយ បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៦។
អង្គការសុខភាពពិភពលោក (WHO) ក៏បានដាក់ការខកខានទទួលយកថ្នាំវ៉ាក់សាំង ជាការគំរាមកំហែងដ៏ធំបំផុតមួយក្នុងចំណោមបញ្ហាគំរាមកំហែងធំបំផុតទាំង ១០ លើសុខភាពពិភពលោកនៅ ឆ្នាំ២០១៩។ របាយការណ៍របស់ពួកគេសរសេរថា៖ «ការចាក់វ៉ាក់សាំងគឺជាវិធីមួយក្នុងចំណោមវិធីដែលចំណាយតិចបំផុត ដើម្បីជៀសវាងជំងឺនេះ» «បច្ចុប្បន្ននេះការចាក់វ៉ាក់សាំងបានរារាំងការស្លាប់របស់មនុស្សពី ២ ទៅ ៣លាននាក់ ក្នុងមួយឆ្នាំៗ ហើយ ១.៥លាននាក់ទៀត ក៏អាចនឹងគេចពីហានិភ័យនេះបានដែរ ប្រសិនបើការទទួលការចាក់ថ្នាំបង្ការទូទាំងពិភពលោកនឹងប្រសើរឡើង»៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz