ព័ត៌មានជាតិ

ស្ថាបត្យករវ័យក្មេងបង្ហាញគំនិតកែលំអមហាវិថីព្រះមុនីវង្ស និងព្រះនរោត្តម ជាបណ្តាញផ្លូវនៃទីក្រុងបៃតង

BY
soknita
November 29, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍វិចិត្រសាលស្ថាបត្យកម្ម ២០២៤ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយគណៈស្ថាបត្យករកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមស្ថាបត្យករ នៃកម្ពុជា សមាគមស្ថាបត្យករអង្គរ និងសមាគមវិនិយោគ សំណង់ និងស្ថាបត្យកម្មកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ នោះ ស្ថាបត្យករវ័យក្មេងចំនួន២ក្រុម ដែលសុទ្ធសឹងតែជាយុវជនជំនាន់ថ្មី បានបង្ហាញអំពីគំនិតស្រដៀងគ្នា ក្នុងការកែប្រែមហាវិថីព្រះមុនីវង្ស ដែលពោរពេញដោយចរាចរណ៍ និងមហាវិថីព្រះនរោត្តម ទៅជាបណ្តាញផ្លូវនៃទីក្រុងបៃតង រួមបញ្ចូលជាមួយការលើកទឹកចិត្តប្រជាជនឱ្យមានសកម្មភាពដើរ ជិះកង់ ព្រមទាំងប្រើប្រាស់សេវាកម្មសាធារណៈ នៅតាមបណ្តោយមហាវិថីទាំងពីរនេះ។

គំនិតថ្មីរបស់ស្ថាបត្យករវ័យក្មេងទាំង២ក្រុមនេះ បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតគម្រោងកែលម្អទីក្រុងភ្នំពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តម ដែលរៀបចំ និងគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លើបទបង្ហាញ មហាវិថីព្រះមុនីវង្ស គឺជាមហាវិថីដែលភ្ជាប់ពីស្ពានព្រះមុនីវង្ស ឬស្ពានក្បាលថ្នល់ រហូតដល់រង្វង់មូលស្ពានជ្រោយចង្វា។នៅតាមបណ្តោយមហាវិថីនេះ ពោរពេញដោយអគាររដ្ឋ ការិយាល័យ សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្ម។ ដោយឡែកមហាវិថីព្រះនរោត្តម តភ្ជាប់ជាមួយស្ពានព្រះមុនីវង្ស ឬស្ពានក្បាលថ្នល់ ទៅកាន់រមណីយដ្ឋានវត្តភ្នំ ដោយឆ្លងកាត់វិមានឯករាជ្យ វិទ្យាល័យព្រះស៊ីសុវត្ថិ មន្ទីរពេទ្យព្រះអង្គឌួង និងទីតាំងវប្បធម៌ប្រវត្តិសាស្រ្តជាច្រើន។

លោក ចន្ធី ម៉ានីរត្ន័ ស្ថាបត្យករវ័យក្មេងដែលជាសមាជិកក្រុមទទួលបានជ័យលាភី សម្រាប់គម្រោង “ការរចនាដងផ្លូវមុនីវង្ស” បានលើកឡើងថា នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាផ្លូវដែលមានប្រវែងវែង និងជាវិថីដែលមានភាពមមាញឹកខ្លាំងព្រោះអ្នកធ្វើដំណើរច្រើន។ជាមួយគ្នានេះមហាវិថីព្រះមុនីវង្ស ជាផ្លូវដែលបានឆ្លងកាត់សួនច្បារសាធារណៈ និងកន្លែងសំខាន់ៗជាច្រើន ដូចនេះការកែលម្អ និងកែច្នៃបណ្តោយមហាវិថីនេះឱ្យស្អាត និងមានសណ្ដាប់ធ្នាប់ឡើងវិញជាអ្វីដែលគួរតែកើតមានឡើងនៅពេលអនាគត។

តាមរយៈការចុះប្រមូលទិន្នន័យ មហាវិថីព្រះមុនីវង្សត្រូវបានប្រើប្រាស់ដោយមធ្យោបាយធ្វើដំណើរចម្រុះ ក្នុងនោះទោចក្រយានយន្តមានចំនួនច្រើនជាងគេរហូតដល់ជាង ៧០ភាគរយ ខណៈរថយន្តមាន ៤០ភាគរយ តែការធ្វើដំណើរដោយថ្មើរជើង ,កង់ និងមធ្យោបាយសាធារណៈ មានចំនួនតិចតួច។នេះបើតាមការបញ្ជាក់របស់លោក ចន្ធី ម៉ានីរត្ន័ ។

លោកបន្ថែមថា ទិន្នន័យក៏បានរកឃើញដែរថា បណ្តោយមហាវិថីនេះ តែងមានការកកស្ទះចរាចរណ៍ជាច្រើនចំណុចដូចជានៅម្តុំរង្វង់មូលគួចកាណុងក្បែរគល់ស្ពានជ្រោយចង្វា, ម្តុំក្បែរផ្សារធំថ្មី ច្រកចូលផ្សារអូរឬស្សីជាដើម។ លោកបន្តថា ដោយមើលឃើញពីបញ្ហាទាំងនេះ ទើបគម្រោងរចនាកែលម្អដងផ្លូវព្រះមុនីវង្សបានគិតគូរទៅលើការដោះស្រាយផ្លូវចរាចរណ៍ដោយការប្រើប្រាស់សេវាសាធារណៈឱ្យបានច្រើនជាងមុន ។នោះគឺការបន្ថែមរថយន្តក្រុងសាធារណៈរត់តាមបណ្តោយផ្លូវនេះបន្ថែម លើកទឹកចិត្តប្រជាជនឱ្យធ្វើដំណើរដោយថ្មើរជើង ឬជិះកង់ និងបង្កើតទីក្រុងបៃតង ដែលវាក៏នឹងចូលរួមកាត់បន្ថយការបំផ្លាញស្រទាប់អូហ្សូនដែលប៉ះពាល់ទៅដល់ផែនដី។

លើបទបង្ហាញក្រៅតែពីការគិតគូរលើការដោះស្រាយបញ្ហាចរាចរណ៍ និងបង្កើតទីក្រុងបៃតង គម្រោង រចនាដងផ្លូវព្រះមុនីវង្ស របស់ក្រុមលោក ម៉ានីរ័ត្ន ក៏បានគិតគូរដល់ការចូលរួមថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបស់សាធារណរួមឱ្យបានល្អ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនក្នុងសហគមន៍ ជាពិសេសនៅក្នុងតំបន់មហាវិថីព្រះមុនីវង្ស។

ចំណែកលោក តែ ម៉េឡូឌី តំណាងក្រុមជ័យលាភីលេខ១ គម្រោង “ការរចនាដងផ្លូវព្រះនរោត្ដម” ក៏បានបង្ហាញពីការបំផុសគំនិតបន្ថែមទៅលើរចនាសម្ព័ន្ធនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដែលភ្ជាប់គំនិតថ្មីៗដូចជា បង្កើតសួនស្មៅ ដាំដើមឈើ ឬសួនបៃតងតាមដងផ្លូវ មានការតុបតែងដាំផ្កា និងបន្ថែមតុកៅអីសម្រាកកម្សាន្តសម្រាប់សាធារណៈជន និងភ្ជាប់ដោយផ្លូវថ្មើរជើង និងផ្លូវសម្រាប់ជិះកង់។ ជាពិសេស ការបន្ថែមគំនិតសំខាន់ និងគួរយកចិត្តទុកដាក់ដូចជា សាលារៀន មន្ទីរពេទ្យ និងចំណតរថយន្តក្រុងសាធារណៈ ដោយមានការបង្ហាញពីក្ដារផ្សព្វផ្សាយនូវព័ត៌មាន ចំណេះដឹងទូទៅផ្សេងៗដែលអាចជាប្រយោជន៍ដល់សាធារណៈជន។

បើតាមលោក ម៉េឡូឌី បច្ចុប្បន្នការប្រើប្រាស់បណ្ដោយផ្លូវមហាព្រះនរោត្តម មិនបានត្រឹមត្រូវនៅឡើយ ។លោកសង្កេតឃើញថា កន្លែងខ្លះគេបានយកខឿនផ្លូវធ្វើជាកន្លែងចតរថយន្ត និងមិនទាន់ប្រើប្រាស់ផ្លូវឱ្យបានច្រើនអស់ពីលទ្ធភាព ។ជាពិសេសមិនទាន់ផ្ដល់ឱ្យប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗ៕

ប្រផព៖ ក្រសួងព័ត៌មាន

Share This Post: