PR

មិនសរសើរមិនបាន! CEO របស់ធនាគារ ABA ដាក់ចិត្តដាក់កាយរៀនលេងដេញចាប៉ីដងវែងដោយផ្ទាល់ ព្រោះចង់លើកតម្កើងវប្បធម៌ខ្មែរ

BY
Naren
December 4, 2024

(ភ្នំពេញ ធ្នូ ២០២៤)៖ ថ្មីៗនេះ ក្នុងឱកាសអបអរសាទរ ខួបលើកទី៨ ដែលចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ធនាគារ ABA បានបញ្ចេញវីដេអូផ្សព្វផ្សាយដោយបង្ហាញពីទស្សនីយភាពចាប៉ីដងវែងពិសេសមួយ ក្រោមការសម្តែងពីសំណាក់ ព្រះនាងតូច នរោត្តម ជេនណា, លោក ដួង សុខគា, លោក ថេណា និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

នៅក្នុងវីដេអូដែល ABA បានបញ្ចេញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គិតមកទល់ពេលនេះមានការចូលទស្សនារហូតដល់ទៅជាង៥លានដង ការចែករំលែកជាង៥ពាន់ដង ជាមួយនិងការបញ្ចេញមតិវិជ្ជមានរបស់អ្នកលេងបណ្តាញសង្គម។ អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ គេសង្កេតឃើញលោក Askhat Azhikhanov ជានាយកប្រតិបត្តិធនាគារ ABA ជាជនជាតិ កាហ្សាក់ស្ថាន បានសម្តែងដេញចាប៉ីយ៉ាងស្ទាត់ជំនាញទោះបីលោកជាជនជាតិបរទេសក៏ដោយ។

យោងតាមរយៈវីដេអូ លោក Askhat បង្ហាញថា លោកចូលចិត្តសិល្បៈខ្មែរគ្រប់ទម្រង់ ជាពិសេសចាប៉ីដងវែងតែម្តង ព្រោះវាជាការរួមបញ្ជូលគ្នារវាងតន្រ្តី និងកាព្យនិទាន ហើយនៅស្រុកកំណើតរបស់លោក ក៏មានការសម្តែងស្រដៀងគ្នាដែរ ។ លោកចាប់អារម្មណ៍ចំពោះចាប៉ីខ្មែរ ព្រោះមានសម្លេងប្លែកពិសេស ស្តាប់ហើយស្រស់ស្រាយ។

វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបញ្ចេញមតិយ៉ាងច្រើន ដោយអ្នកទស្សនាបានកោតសរសើរចំពោះចំណង់ចំណូលចិត្ត ការប្តេជ្ញា របស់នាយកប្រតិបត្តិរូបនេះដែលលោកបានដាក់ចិត្តដាក់កាយរៀនពីការដេញចាប៉ី ជ្រមុជខ្លួនឯងនៅក្នុងវប្បធម៌កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តដ៏អស្ចារ្យក្នុងការអភិរក្ស និងលើកកម្ពស់ទម្រង់សិល្បៈចាប៉ីដងវែង។

ជាពិសេសធនាគារ ABA បានច្នៃអេក្រង់ដើមរបស់ ABA Mobile ដែលអតិថិជនអាចដូរម៉ូដរចនា “បេតិកភណ្ឌខ្មែរ” លើ ABA Mobile។ សម្រាប់របៀបប្តូរលោកអ្នកសូមចុចឲ្យជាប់នៅលើអេក្រង់ដើមរបស់ ABA Mobile ហើយជ្រើសរើសម៉ូដរចនា “បេតិកភណ្ឌខ្មែរ” រួចចុចពាក្យ រួចរាល់ ជាការស្រេច ដែលមានរូបភាពដ៏គួរឱ្យទាក់ទាញ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

Share This Post: