ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកសេវាកម្មធនាគារ ឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន
- BY
- Liny Chan
- December 12, 2024
ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាង ឆាប់ រហ័ស មួយ នៅ កម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បី ពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការ ផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់ អាជីវកម្ម និងប្រជាជន ក្នុងសហគមន៍ទាំងមូលតែម្តង។
ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង អនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បះករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោក Dmytro Kolechko តំណាងធនាគារ វីង បានលើកឡើងថា៖ “នៅធនាគារ វីង យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយ តម្រូវការហិរញ្ញវត្ថុក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរសាខាខេត្តពោធិ៍សាត់ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ងាយស្រួល ប្រើប្រាស់ដែលជួយអតិថិជន មិនថាអតិថិជនម្នាក់ៗម្ចាស់អាជីវកម្ម ព្រមទាំងសហគមន៍មូលដា្ឋនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។”
ដោយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានចម្ងាយប្រហែល ១៥០ម៉ែត្រប៉ុណ្ណោះពីស្ពានថ្ម ពោធិ៍សាត់ សាខាថ្មីនេះគឺជាការិយាល័យទី២៣ហើយរបស់ធនាគារ វីង ដែលជាការពង្រីកសេវាកម្មធនាគារបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ នឹង ជួយបំពេញបន្ថែមលើបណ្តាញភ្នាក់ងារដ៏ធំទូលាយរបស់ធនាគារ វីង ដែលមានស្រាប់ជាង ១១.០០០ ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយបង្កើតបាននូវមធ្យោបាយដ៏រឹងមាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ទៅកាន់អតិថិជន។ តាមរយៈការរួមបញ្ចូលសាខាថ្មីនេះ ជាមួយនឹងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយធនាគារ វីង ជឿជាក់យ៉ាងមុតមាំថា សេវាកម្មរបស់ខ្លួន នឹងផ្តល់នូវភាពងាយស្រួល ទៅដល់សហគមន៍ ទោះស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។
លោក Dmytro Kolechko បានបន្តថា៖ “ សាខាខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរថែមទៀតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការនាំយកសេវាកម្ម ក៏ដូចជាដំណោះស្រាយឌីជីថលខិតទៅកាន់តែជិតសហគមន៍ យើងខ្ញុំនឹងអាចជួយឱ្យអតិថិជនគ្រប់រូប ក៏ដូចជាម្ចាស់ អាជីវកម្មរីកលូតលាស់កាន់តែខ្លាំងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។”
ការពង្រីកខ្លួននៅក្នុងខេត្តពោធិ៍សាត់របស់ធនាគារ វីង បង្ហាញពីគោលជំហរបស់ខ្លួនក្នុងនាមជាធនាគារនាំមុខគេនៅក្នុងវិស័យធនាគារឌីជីថលក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ ដែលមានគាំទ្រដោយបណ្តាញភ្នាក់ងារវីងដ៏ទូលំទូលាយ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យអតិថិជនទូទៅ និងអាជីវកម្ម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់ តែមានប្រសិទ្ធភាពថែមទៀត។
លោក Dmytro Kolechko បានបញ្ជាក់ ថា ៖ “ យើងខ្ញុំពិតជាមានក្តីរំភើបរីករាយ ក្នុងការបម្រើជូនសហគមន៍ខេត្តពោធិ៍សាត់ នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែរលូន។ ជាមួយវត្តមានសាខាថ្មីនេះ យើងខ្ញុំកាន់តែពង្រឹងគោលជំហរដើម្បីដើរតួជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត សំដៅជំរុញការអភិវឌ្ឍអនាគតវិស័យធនាគារ នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងជាលំដាប់៕
- Share This Post: