ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វកែះ ១ក្បាល រត់ចូលភូមិអ្នកស្រុកនៅខេត្តបន្ទាយមានជ័យ ត្រូវបានសង្គ្រោះ

    BY soknita December 14, 2024
    សត្វកែះ ១ក្បាល រត់ចូលភូមិអ្នកស្រុកនៅខេត្តបន្ទាយមានជ័យ ត្រូវបានសង្គ្រោះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយបាននាំគ្នាចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។ គួរបញ្ជាក់ថាសត្វកែះគឺជាសត្វដ៏កម្របំផុត ហើយសត្វនេះត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បាននៅវេលាម៉ោង៨ព្រឹក កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ។

    ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិ កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។ វត្តមានរបស់សត្វ «កែះ» អាចនឹងមានច្រើនជាងនេះដែលនេះគឺជាការល្អ ហើយមិនមែនជាការរំខាននោះទេចំពោះមនុស្ស ហើយឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបើឃើញសត្វព្រៃសូមកំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិរក្សថែរក្សាសត្វព្រៃ ព្រោះនិងផ្តល់សារប្រយោជន៍ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរដែលមកលេងកម្សាន្ត។

    សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។

    «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។ «កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលា និងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ពីពពោះរយៈពេល៧ខែ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។

    សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់៕

    រូបភាពតំណាង

    រូបភាពតំណាង

    ប្រភព៖ ក្រសួព័ត៌មាន

    Share This Post: