សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កំពុងឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់ដាក់ទោសក្រុមក្មេងទំនើងដែលដាក់ដាវសាំម៉ូរ៉ៃតាមម៉ូតូ ក៏ដូចជាការអួតដាវតាមបណ្តាញសង្គម
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស” ។

ក្នុងឱកាសនោះដែរ សម្ដេចមហាបវរធិបតី កំពុងឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់ដាក់ទោស ក្រុមក្មេងទំនើងដែលដាក់ដាវសាំម៉ូរ៉ៃតាមម៉ូតូ ក៏ដូចជាការអួតដាវតាមបណ្តាញសង្គម។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ម្សិលមិញនៅក្នុងសន្និសីទកាសែត ក៏មានអ្នកាសែតសួរទស្សនៈរវាងចំនួន ២ មួយត្រូវដាក់ឱ្យខ្លាំង មួយទៀតថា កុំដាក់ខ្លាំងពេកអាណិតអនាគតក្មេង អ្នកកាសែតសួរ ចុះបើដាក់ខ្លាំងពេកមិនខូចអនាគត នេះទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ បើយើងមិនដាក់ខ្លាំងបានវាខូចអនាគតនឹងនោះ! បើយើងមិនដាក់ខ្លាំង ក្មេងអប់រំហើយចេញទៅនៅកាប់គេដដែល អ្នកដទៃទៀតក៏មិនខ្លាច»។
សម្ដេចធិបតីបានមានប្រសាសន៍បន្ថែមថា៖ «ឥឡូវខ្ញុំឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលច្បាប់កុំចាំតែកាប់គ្នាហើយបានប្រមូល អាដាក់ដាវស៉ាំម៉ូរៃតាមម៉ូតូហ្នឹង (ខ្ញុំមើលច្បាប់ដែលឱ្យមើលម្សិលមិញដូច ៣ឆ្នាំ) ដាក់ទៅ ឯទី២ អ្នកអួតតាមហ្វេសប៊ុក ព្រឹកនេះឱ្យយកមួយនៅខេត្តស្វាយរៀង ហើយអត់មានយកមកត្រឹមតែអប់រំរដ្ឋបាលហើយលែងទៅវិញទេ ខ្ញុំឱ្យមើលច្បាប់ឱ្យមែនទែន ទាញដាវមកអួត កន្លែងខ្លះបបួលគ្នាកាប់គេ តើអាហ្នឹងស្មើនឹងគំរាមប្រមាថជីវិតគេទេ?? អ៉ីចឹងឱ្យពិនិត្យមើលច្បាប់ ហើយបើច្បាប់នៅស្រាលពេក សុំឱ្យធ្វើវិសោធនកម្ម ដើម្បីដាក់មុខព្រួញ នេះឱ្យកាន់តែខ្លាំងតែម្ដង »៕


អត្ថបទ៖ លីនី