ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃនេះ ព្រះចៅអធិរាជជប៉ុន នឹងដាក់រាជ្យឱ្យទៅព្រះរាជបុត្រារបស់ទ្រង់

    BY autoadmin April 30, 2019
    ថ្ងៃនេះ ព្រះចៅអធិរាជជប៉ុន នឹងដាក់រាជ្យឱ្យទៅព្រះរាជបុត្រារបស់ទ្រង់

    វាជាលើកដំបូងក្នុងរយៈពេលជាង ២០០ឆ្នាំ ដែលព្រះចៅអធិរាជជប៉ុននឹងដាក់រាជ្យនៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។ ទ្រង់នឹងលើកព្រះរាជបុត្រារបស់ព្រះអង្គឱ្យគ្រងរាជ្យបល្ល័ង្ក Chrysanthemum បន្ត ជាមួយនឹងការនាំយកនូវយុគសម័យថ្មីសម្រាប់រាជាធិបតេយ្យ ដែលមានអាយុកាលចាស់ជាងគេលើពិភពលោក។ នៅក្នុងពិធីដ៏ខ្ពង់ខ្ពស់មួយនេះ ព្រះចៅអធិរាជ Akihito នឹងប្រគល់រាជ្យបល្ល័ង្កដល់ព្រះបុត្រាច្បងរបស់ទ្រង់ព្រះនាម Naruhito ដែលមានព្រះជន្ម ៥៩វស្សា។

    សម័យកាលសម្រាប់រាជវង្សថ្មីនឹងត្រូវគេដាក់ឈ្មោះថា Reiwa (រេវ៉ា) ដែលមានន័យថា «ភាពសុខដុមដ៏ស្រស់ស្អាត» ដែលនឹងបន្តមានរហូតដល់មានរជ្ជកាលស្ដេចថ្មីមួយទៀត។ ដើម្បីអបអរពិធីជាប្រវត្តិសាស្ត្រនេះ ជប៉ុននឹងឱ្យមានថ្ងៃឈប់សម្រាកចំនួន ១០ថ្ងៃដែលមិនធ្លាប់មានពីមុនមក។ វាជាថ្ងៃសម្រាកដ៏ពិសេសដើម្បីកំណត់សម័យកាលថ្មីរបស់អធិរាជថ្មី ជាមួយនឹងការអបអរ «Golden Week» ដែលជាពិធីបុណ្យប្រពៃណីសម្រាប់ដើមខែឧសភា។

    នៅវេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក (ម៉ោង ៣ល្ងាច នៅភ្នំពេញ) ព្រះចៅអធិរាជ Akihito ដែលមានព្រះជន្ម ៨៥វស្សា ទ្រង់នឹងយាងចុះចេញពីតំណែងជាផ្លូវការ នៅក្នុងពិធីដែលមានរយៈពេល ១០នាទី នៅក្នុងសាល “Matsu-no-Ma” ដែលត្រូវបានគេចាត់ទុកថា ជាសាលប្រណីតបំផុតនៅក្នុងព្រះបរមរាជវាំងរបស់ជប៉ុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: