ប្រទេសឥណ្ឌូនេស៊ីកំពុងមានគម្រោងចង់ផ្លាស់ទីតាំងរដ្ឋធានីរបស់ខ្លួនចេញពីហ្សាកាតា
រដ្ឋមន្ត្រីរៀបចំផែនការរបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងផ្លាស់ប្តូរទីក្រុងរបស់ខ្លួនពីហ្សាកាតា។ សេដ្ឋវិទូលោក Bambang Brodjonegoro បាននិយាយថា លោកប្រធានាធិបតី Joko Widodo បានជ្រើសរើសផ្លាស់ទីតាំងរដ្ឋធានីនៅក្នុង «ការសម្រេចចិត្តដ៏សំខាន់មួយ»។ ទីតាំងថ្មីមិនត្រូវបានគេស្គាល់នៅឡើយ ប៉ុន្តែទោះយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា ទីក្រុង Palangkaraya នៅលើកោះ Borneo អាចមានអាទិភាពជាងគេ។

ទីក្រុងហ្សាកាតាមានប្រជាជនជាង ១០លាននាក់ ហើយទីក្រុងនេះគឺកំពុងតែមានបញ្ហាជាមួយនឹងចររាចណ៍ ការបំពុល ជាពិសេសទីក្រុងនេះគឺតែងតែមានទឹកលិច និងស្ថិតក្នុងភាគរយងាយលិចលង់បំផុតក្នុងពិភពលោក។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Joko Widodo បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសនេះកាលពីដើមខែ ទោះបីជាលទ្ធផលជាផ្លូវការនឹងមិនត្រូវបានប្រកាសរហូតដល់ថ្ងៃទី ២២ ខែឧសភាក៏ដោយ។
គំនិតនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានលេចឡើងជាច្រើនលើក ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីហូឡង់ក្នុង ឆ្នាំ១៩៤៥ ។ ជាក់ស្តែងកាលពី ឆ្នាំ២០១៦ ការស្ទង់មតិមួយក៏បានរកឃើញថា ទីក្រុងដ៏ធំនេះមានការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅពិភពលោក ដែលសូម្បីតែរដ្ឋមន្រ្តីរដ្ឋាភិបាល គឺត្រូវតែមានអមដំណើរដោយក្បួនរបស់ប៉ូលីស ដើម្បីចូលរួមកិច្ចប្រជុំណាមួយឱ្យទាន់ពេល៕


អត្ថបទ៖ លីដា
ប្រភព៖ bbc