NASA ព្រមានថា វាមិនមែនជារឿងប្រតិដ្ឋនោះទេដែលថា ផែនដីនឹងជួបបាតុភូតធ្លាក់អាចម៍ផ្កាយឃាតកម្មដ៏ធំមួយ
អ្នកគ្រប់គ្រង NASA លោក Jim Bridenstine ជឿជាក់ថា អ្វីដែលយើងធ្លាប់ទាយទុកថានឹងមានអាចម៍ផ្កាយឃាតកម្មដ៏ធំមួយបុកជាមួយនឹងផែនដី គឺមិនមែនគ្រាន់តែជារឿងប្រតិដ្ឋវិទ្យាសាស្ដ្រទៀតនោះទេ។ លោក Bridenstine បានលើកហេតុផលមួយចំនួន ដែលថាសហរដ្ឋអាមេរិកគួរតែពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងបាតុភូតនេះ នៅឯសន្និសីទការពារផ្កាយព្រះគ្រោះឆ្នាំ ២០១៩ ក្នុងរដ្ឋវ៉ាស៊ីនតោន។ លោក Bridenstine បាននិយាយថា៖ «យើងត្រូវធ្វើឱ្យប្រាកដថា ប្រជាជនយល់ថានេះមិនមែនជារឿងហូលីវូដនោះទេ វាក៏មិនមែនជាខ្សែភាពយន្តនោះដែរ»។

ជាក់ស្តែងគាត់បានលើកឡើងពីបាតុភូតអាចម៍ផ្កាយ Chelyabinsk ដែលបានធ្លាក់ និងឆាបឆេះនៅទូទាំងភ្នំ Ural ភាគខាងត្បូង (Southern Ural Mountain) កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ដែលវាជាបាតុភូតអាចម៍ផ្កាយដ៏ធំបំផុតក្នុងរយៈពេលជាងមួយសតវត្ស បន្ទាប់បាតុភូតអាចម៍ផ្កាយ Tunguska បានធ្លាក់កាលពី ឆ្នាំ១៩០៨ ។ មនុស្សជាង ១,៦០០នាក់ បានរងរបួស ដោយសាររលកឆក់ពីការផ្ទុះ ដែលមានកម្លាំងស្មើនឹងគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា ២០គ្រាប់ នេះ។
ខណៈដែលព្រឹត្តិការណ៍ទាំងនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងកើតឡើងរាល់ ៦០ឆ្នាំម្តង លោក Bridenstine បានបញ្ជាក់ថា ពួកវាធ្លាប់បានកើតឡើង ៣ដង រួចមកហើយក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយវាមានន័យថា អាចម៍ផ្កាយមួយផ្សេងទៀត បន្ទាប់ពីបាតុភូតអាចម៍ផ្កាយ Chelyabinsk នេះនឹងកើតមានឆាប់ៗនៅក្នុងជីវិតរបស់ពួកយើង៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail