សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា មិនទុកអតីតយុទ្ធជនម្នាក់ណាចោលនោះទេ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានយកចិត្តទុកដាក់លើអតីតយុទ្ធជនកម្ពុជា ដោយមិនបានទុកពួកគាត់ម្នាក់ណាចោលនោះទេ ហើយនៅតែបន្តគិតគូរជាជំហានៗ ដើម្បីឱ្យអតីតយុទ្ធជនកាន់តែទទួលបានអត្ថប្រយោជន៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដោយគ្មានរើសអើងឡើយ។
សម្តេចមហាបវរធិបតីបន្តថា ជាក់ស្តែងដូចជាការដំឡើងប្រាក់បៀវត្ស មិនមែនតែដំឡើងតែមន្រ្តីរាជការដែលកំពុងបំពេញការងារនោះទេ គឺគិតគូរទាំងអតីតមន្រ្តីរាជការ អតីតយុទ្ធជនដោយតិចច្រើនគឺបានដំឡើងឲ្យដូចគ្នា ។ ក្នុងនោះបានគិតគូរពីរបបថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជនចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រាជដ្ឋាភិបាលក៏បានផ្តល់សេវាថែទាំសុខភាពជូនគ្រួសារជនពលី មរណៈទាំងអស់ដែលជាសមាជិកគ្រួសារ និងមិនមែនជាសមាជិករបស់អតីតយុទ្ធជនតាមរយៈមូលនិធិសមធម៌ ៕
