ថ្ងៃរៀបការទាំងមូល កូនកំលោះរវល់តែវក់នឹង PUBG សូម្បីតែអំណោយក៏មិនចង់យក មុខកូនក្រមុំក៏មិនចង់មើល
វីដេអូនៅក្នុង TikTok មួយកំពុងមានភាពល្បីល្បាញលើអ៊ីនធឺណេត ដោយក្នុងនោះវាបានបង្ហាញពិធីមង្គលការគូស្នេហ៍ថ្មីថ្មោងមួយគូយ៉ាងគួរឱ្យហួសចិត្ត។ នៅក្នុងវីដេអូនោះបានបង្ហាញពីពិធីមង្គលការតាមបែបប្រពៃណីមួយ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺខាងកូនកំលោះ គាត់មិនបានយកចិត្តទុកដាក់មើលមុខប្រពន្ធ ឬខ្វល់ជាមួយពិធីនោះទេ។ កូនកំលោះគាត់មិនបានខ្វល់ថា វាជាពិធីមង្គលដែលក្នុងជីវិតយើងរាល់គ្នាប្រាថ្នាចង់បាននោះទេ ដោយគាត់គិតតែលេងហ្គេម PUBG ចំណែកកូនក្រមុំដ៏ស្រស់ស្អាតរបស់គាត់បានត្រឹមតែពាក់មុខស្មើ។

ដូចដែលបានរាយការណ៍ដោយ India Express ប្រពន្ធរបស់គាត់ដែលអង្គុយនៅជិតគាត់មិនបាននិយាយអ្វីមួយម៉ាត់ឡើយ ហើយនាងបានត្រឹមតែមើលមុខអនាគតប្តីដែលកំពុងតែវក់ជាមួយ PUBG ។ កូនកំលោះហាក់ដូចជាមិនខ្វល់នឹងពិភពលោកខាងក្រៅឡើយ ដែលសូម្បីតែនៅពេលភ្ញៀវចូលរួមបានប្រគល់អំណោយដល់គាត់ ក៏គាត់គ្រាន់តែរុញវាចេញ ហើយធ្វើមុខដូចជាធុញនឹងមនុស្សជុំវិញខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយវាមិនទាន់អាចសន្និដ្ឋានបានទេថា វីដេអូមួយនេះគឺជាការពិត ឬយ៉ាងណា ខណៈដូចយើងធ្លាប់ដឹងរួចមកហើយថា អ្នកលេង TikTok តែងមានគំនិតប្លែកៗ៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz