ឥណ្ឌាកំពុងជម្លៀសប្រជាជនរាប់សែននាក់ ខណៈព្យុះស៊ីក្លូន Fani ដ៏គ្រោះថ្នាក់មួយ កំពុងធ្វើដំណើរទៅតំបន់ឆ្នេររបស់ប្រទេសនេះ
មនុស្សរាប់ពាន់នាក់កំពុងត្រូវបានគេជម្លៀសចេញពីភូមិតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌា មុនការមកដល់នៃព្យុះស៊ីក្លូនដ៏ធំមួយ។ ព្យុះស៊ីក្លូន Fani កំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Orissa ដោយល្បឿនលើសពី ២០០គីឡូម៉ែត្រ/ម៉ោង និងត្រូវបានគេរំពឹងទុកថា នឹងមកដល់តំបន់ឆ្នេរនៅថ្ងៃសុក្រនេះ។ ក្រុមមន្ត្រីបានបិទប្រតិបត្តិការនៅកំពង់ផែចំនួន ២ ហើយក្រុមសង្គ្រោះរាប់ពាន់នាក់ ក៏កំពុងជួយជម្លៀសប្រជាជនពីតំបន់ដែលទាបជាប់នឹងឆ្នេរ ខណៈរដ្ឋ Andhra Pradesh និងរដ្ឋ Tamil Nadu ស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់។

ក្រុមមន្រ្តីបានប្រាប់ BBC Hindi ថាមនុស្សប្រហែល ៨០០,០០០នាក់ កំពុងស្ថិតនៅក្នុងដំណើរការនៃការជម្លៀសនេះ។ ប្រជាជនជិត ១០០,០០០នាក់ នឹងត្រូវជម្លៀសចេញពីទីក្រុង Puri នៃរដ្ឋ Orissa ស្របពេលអាជ្ញាធរបានជឿថា ក្រុងមួយនេះនឹងជាទីតាំងដែលព្យុះវាយប្រហារខ្លាំងបំផុត។ ប្រាសាទ Jagannath ដែលមានអាយុកាល ៨៥៨ឆ្នាំ ក៏មានទីតាំងនៅក្នុងក្រុង Puri នេះដែរ ដែលធ្វើឱ្យមន្ត្រីមានការបារម្ភអំពីផល់ប៉ះពាល់របស់វាទៅដល់ប្រាសាទប្រវត្តិសាស្ត្រមួយនេះ។ ទន្ទឹមនឹងនេះសាលារៀន និងសាកលវិទ្យាល័យនៅក្នុងរដ្ឋ Orissa ត្រូវបានបិទទ្វារទាំងអស់។ ព្យុះស៊ីក្លូន Fani នឹងក្លាយជាព្យុះ ទី៤ ដែលបានវាយប្រហារឆ្នេរសមុទ្រខាងកើតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេល ៣ទសវត្សរ៍ ចុងក្រោយនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC