បុរសជនជាតិចិនម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ដោយស្មានថាគាត់បើកបរក្នុងពេលស្រវឹង ប៉ុន្តែការពិតគឺគាត់គ្រាន់តែហូបទុរេនប៉ុណ្ណោះ
យោងតាមគេហទំព័រវីដេអូចិន Pear Video បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ (មិនបញ្ជាក់ឈ្មោះ) មកពីស្រុក Rudong ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ត្រូវបានមន្ត្រីឃាត់ខ្លួនដោយសារពួកគេស្មានថា បុរសម្នាក់នេះបើកបរទាំងមានជាតិស្រវឹងកាលពីថ្ងៃទី ១៧ ខែមេសា។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលមន្ត្រីប៉ូលីសចុះល្បាត និងបានឃាត់ខ្លួនគាត់មកធ្វើតេស្តជាតិអាល់កុល ហើយលទ្ធផលបង្ហាញថាគាត់មានជាតិអាល់គុណ។ ប៉ុន្តែបុរសម្នាក់នោះគាត់បានប្រកែកថា គាត់មិនបានប៉ះជាតិស្រវឹងទេ គាត់គ្រាន់តែញ៉ាំទុរេនប៉ុណ្ណោះ។

បុរសម្នាក់នោះក៏បានធ្វើតេស្តឈាមវិញម្តង ហើយលទ្ធផលគឺបង្ហាញថា គាត់គ្មានជាតិអាល់កុលក្នុងខ្លួននោះទេ ទើបនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងនេះ។ ក្រោយមកក៏មានការស៊ើបអង្កេតថ្មីមួយ កាលពីថ្ងៃទី ២៩ ខែមេសា ដោយក្នុងនោះមន្ត្រីប៉ូលីសបានបរិភោគផ្លែទុរេន រួចហើយក៏មកសាកធ្វើតេស្តវាស់ជាតិអាល់កុលដោយឧបករណ៍ Breathalyser និងបានរកឃើញថា បន្ទាប់ពីបរិភោគទុរេនរួច ជាតិអាល់កុលរបស់គាត់មានដល់ទៅ ៣៦មីលីក្រាម ក្នុង១០០មីលីលីត្រទឹក។ គេហទំព័រវីដេអូចិន Pear Video ក៏បានព្រមានថា មិនគួរបរិភោគផ្លែឈើដែលមានរសជាតិធ្ងន់ដូចជា៖ ទុរេន និងគូលែន… ឬប្រើប្រាស់ទឹកខ្ពុរមាត់ភ្លាមៗ បន្ទាប់មកក៏បើកបរនោះទេ ចៀសវាងការយល់ច្រឡំណាមួយកើតឡើង៕


អត្ថបទ៖ លីដា
ប្រភព៖ BBC