ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម កំពុងត្រៀមរថយន្តក្រុងអគ្គិសនី ៣,០០០គ្រឿង ដើម្បីបំពេញតម្រូវការធ្វើដំណើរ និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន
យោងតាមសេចក្ដីថ្លែងការណ៍របស់ VinGroup នៅថ្ងៃ ទី២ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន VinBus ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន គ្រោងនឹងផ្តល់សេវាដឹកជញ្ជូនសាធារណៈចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ទីក្រុងសំខាន់ៗចំនួន ៥ របស់វៀតណាមដូចជា៖ ទីក្រុងហាណូយ ទីក្រុងហៃផង (Hai Phong) ទីក្រុងដាណាង ទីក្រុងហូជីមិញ និងទីក្រុងកានថូ (Can Tho)។ ដើមទុនរបស់ក្រុមហ៊ុន VinBus មានចំនួនប្រហែល ៤៣ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការធ្វើដំណើរ និងរួមចំណែកក្នុងការកសាងបណ្តាញដឹកជញ្ជូនសាធារណៈ។ ដើម្បីកាត់បន្ថយឧស្ម័ន និងសំឡេងរំខាន ក្រុមហ៊ុន VinBus នឹងប្រើប្រាស់រថយន្តអគ្គិសនីចំនួន ៣,០០០ គ្រឿង ដែលនឹងត្រូវផលិតដោយក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតរបស់ VinGroup ។

រោងចក្រក្រុមហ៊ុន VinFast ដើម្បីផលិតរថយន្តអគ្គិសនីនេះគឺកំពុងត្រូវបានសាងសង់ ខណៈក្រុមហ៊ុន Siemens ដែលជាក្រុមហ៊ុនផលិតឧស្សាហកម្មរបស់អាឡឺម៉ង់នឹងផ្តល់ជាសេវាកម្មបច្ចេកវិទ្យា និងសមាសធាតុឱ្យមកក្រុមហ៊ុន VinFast ។ អនុប្រធានក្រុមហ៊ុន និងជាអគ្គនាយករង Vingroup លោក Nguyen Viet Quang បានឱ្យដឹងថា ក្រុមហ៊ុននេះបានកំណត់ទិសដៅនៃការអភិវឌ្ឍ និងផ្សព្វផ្សាយរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ប្រើដោយចរន្តអគ្គីសនី និងជំនួសឱ្យការដឹកជញ្ជូនប្រេងឥន្ធនៈ។ វាក៏ជាការផ្លាស់ប្តូរដ៏សំខាន់របស់ក្រុមហ៊ុនដើម្បីផ្តល់ជូននូវសេវាកម្ម និងបទពិសោធន៍ថ្មីៗនៃបច្ចេកវិទ្យាខ្ពស់ទៅដល់អ្នកដំណើរ៕
អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider