ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ៩០នាក់ ឆ្លងមេរោគហ៊ីវ HIV ដោយសារគ្រូពេទ្យប្រើស៊ីរាំងកខ្វក់
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់ជនរងគ្រោះ ៩០នាក់ ក្នុងនោះមានកុមារ ៦៥នាក់ ត្រូវបានគេជឿថា បានឆ្លងវីរុសហ៊ីវ (HIV) នៅប្រទេសប៉ាគីស្ថាន ដោយសារគ្រូពេទ្យប្រើស៊ីរាំងកខ្វក់។ លោក Kamran Nawaz ប្រធានប៉ូលិសក្នុងតំបន់ នៅទីក្រុង Larkana ភាគខាងត្បូងបាននិយាយថា៖ «យើងបានចាប់ខ្លួនគ្រូពេទ្យម្នាក់នេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាជ្ញាធរសុខាភិបាល» ។ គាត់បានបន្តថា៖ «ពួកយើងត្រូវបានគេរាយការណ៍ថា គ្រូពេទ្យនោះផ្ទាល់ក៏បានឆ្លងវីរុសហ៊ីវដែរ»។

អាជ្ញាធរត្រូវបានជូនដំណឹងជាលើកដំបូងកាលពីសប្តាហ៍មុន បន្ទាប់ពីក្មេងៗចំនួន ១៨នាក់ មកពីតំបន់មួយនៅជាយក្រុង Larkana បានធ្វើតេស្តរកមេរោគហ៊ីវ ហើយជាលទ្ធផលគឺ «វិជ្ជមាន» ដែលជំរុញឱ្យមន្ត្រីសុខាភិបាលធ្វើសកម្មភាពលើរឿងនេះជាទ្រង់ទ្រាយធំ ខណៈរាប់សិបនាក់ទៀតក៏ត្រូវបានឆ្លងមេរោគ។ វេជ្ជបណ្ឌិតលោក Abdul Rehaman និងជាមន្ត្រីសុខាភិបាលនៅ Larkana បានប្រាប់ AFP ថា៖ «មនុស្សជាង ៩០នាក់ មានមេរោគហ៊ីវវិជ្ជមាន ហើយក្នុងនោះក៏មានកុមារចំនួន ៦៥នាក់ បានឆ្លងមេរោគនេះផងដែរ»៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia