ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អបអរលោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញ ចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ ក្នុងការតែងតាំង លោកជំទាវជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះសារអបអរមួយចំពោះកម្ពុជា។ ជាមួយរូបថតបីសន្លឹកមានសំណេរថា”យើងសូមអបអរសាទរយ៉ាងកក់ក្តៅ បំផុតដល់ លោកជំទាវ ទួត បញ្ញា ដែលបានអញ្ជើញចូលថ្វាយ សារតាំងចំពោះ ព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង Buckingham ទីក្រុងឡុងដ៍ ក្នុងការតែងតាំងលោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង”។

សារបានបន្ថែមនៅឃ្លាចុងក្រោយថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ជាមួយ លោកជំទាវ និងក្រុមការងារ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងទំនាក់ ទំនង រវាងប្រជាជននៃប្រទេសទាំងពីរ។”

សូមជម្រាបថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ទួត បញ្ញា បានអញ្ជើញចូលថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ឆាល ទី៣ នៅឯព្រះបរមរាជវាំង Buckingham ទីក្រុងឡុងដ៍ ក្នុងការតែងតាំង លោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា ចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវ ទួត បញ្ញា បានរៀបចំពិធី Vin d’Honneur នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពី ឯកឧត្តម Alistair Harrison សេនាប្រមុខរបស់ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសទទួលបន្ទុកអង្គទូត ឯកឧត្តម Ivan Romero Martinez ព្រឹទ្ធទូត ឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសអាស៊ាន ប្រចាំចក្រភពអង់គ្លេស តំណាងមន្ត្រីក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍អង់គ្លេស និងសហគមន៍ខ្មែរ នៅចក្រភពអង់គ្លេស៕ ប្រភព៖ ក្រសួងព័ត៌មាន




