ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភេសជ្ជៈគ្មានជាតិស្ករមិនបានធ្វើឱ្យអ្នកស្រកគីឡូនោះទេ ដោយសារហេតុផលបែបនេះ…

    BY autoadmin May 4, 2019
    ភេសជ្ជៈគ្មានជាតិស្ករមិនបានធ្វើឱ្យអ្នកស្រកគីឡូនោះទេ ដោយសារហេតុផលបែបនេះ…

    ការស្រាវជ្រាវបានរកឃើញថា ភេសជ្ជៈគ្មានជាតិស្ករមិនបានជួយបន្ថយទម្ងន់របស់កុមារ ឬមនុស្សរាល់គ្នានោះទេ ក៏ព្រោះតែវានឹងធ្វើឱ្យពួកគេទទួលទានអាហារអ្វីផ្សេងច្រើនជាងមុនទៅវិញ។ ទោះបីជាភេសជ្ជៈខ្លះត្រូវបានរចនាឡើងដើម្បីឱ្យមានសុខភាពល្អ ដោយការមិនបន្ថែមជាតិស្ករ កុមារនៅតែជ្រើសរើសអាហារណាផ្សេងដែលមានជាតិស្ករមកបរិភោគបន្ថែមដដែល ដែលនេះហើយវាជាមូលហេតុដែលពួកគេមិនអាចបន្ថយគីឡូដែលលើសបាន។

    អ្នកស្រាវជ្រាវបានមើលទៅលើរបបអាហាររបស់កុមារជាង ៧,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ហើយបានរកឃើញថា មានតែអ្នកដែលផឹកទឹកច្រើនប៉ុណ្ណោះ ដែលនឹងទទួលទានកាល់ឡូរីតិច។ ភេសជ្ជៈគ្រប់ប្រភេទ មិនថាមានជាតិស្ករ ឬមិនមាន វានឹងបង្កើនចំនួនកាឡូរីរបស់យើង។ ខណៈភេសជ្ជៈមានជាតិស្ករគឺមានឥទ្ធិពលអាក្រក់មកមនុស្ស ភេសជ្ជៈគ្មានជាតិស្ករក៏នៅតែផ្តល់ផលអាក្រក់សម្រាប់សុខភាព ដូច្នេះអ្នកទាំងអស់គ្នាគួរទម្លាប់ផឹកទឹកសុទ្ធធម្មតាទើបប្រសើរ។

    អ្នកដែលផឹកភេសជ្ជៈគ្មានជាតិស្ករ ច្រើនតែទៅទទួលទានអាហារផ្សេងច្រើន ឬបន្ថែមជាតិស្ករទៅលើអាហាររបស់ពួកគេយ៉ាងហោចណាស់ ២០០កាឡូរី (ជាមធ្យម) ។ ពោលគឺពួកគេគ្រាន់តែផឹកភេសជ្ជៈគ្មានជាតិស្ករ ប៉ុន្តែនឹងបន្ថែមជាតិស្ករទៅលើអាហារផ្សេងទៀត ដែលវាប្រៀបដូចជាការបំពេញជាតិស្ករបន្ថែមដដែលៗ។ យ៉ាងណាមិញអ្នកស្រាវជ្រាវក៏បានព្រមានដែរថា ភេសជ្ជៈដែលមិនមានជាតិស្ករ មិនមែនជម្រើសល្អសម្រាប់បញ្ចុះទម្ងន់នោះឡើយ។ ដូច្នេះដើម្បីសុខភាពរបស់លោកអ្នក ផឹកទឹកបរិសុទ្ធគឺជាជម្រើសដ៏ល្អបំផុត៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: