ក្រសួងការងារ ចេញសេចក្ដីណែនាំពី ការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដី ណែនាំពីការការពារជាពិសេសចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតជាស្រ្តី និងដើម្បីធានា នូវលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសសម្រាប់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់នូវវិធានការ ដូចខាងក្រោម៖
-ហាមឃាត់ការរើសអើងចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះក្នុងការទទួលបានឱកាសការងារ ការបន្តកិច្ចសន្យាការងារ និងការដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ
-បើកផ្តល់ប្រាក់ឈ្នួលសរុបអំឡុងពេលសម្រាកលំហែមាតុភាពជូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឱ្យបានមុនពេលសម្រាកលំហែមាតុភាព
-មិនត្រូវព្យួរកិច្ចសន្យាការងារកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្រ្តីស្ត្រីក្នុង រយៈពេល ៩ខែ ក្រោយការសម្រាកលំហែមាតុភាព លើកលែងតែជាការព្យួរកិច្ចសន្យាការងារ ទាំងស្រុងនៅក្នុងផ្នែកណាមួយនៃសហគ្រាស គ្រឹះស្ថាន ឬកម្មករនិយោជិតទាំងអស់
-ត្រូវបានលើកទឹកចិត្តឱ្យបន្តកិច្ចសន្យាការងារដោយស្វ័យប្រវត្តិចំពោះកម្មករនិយោជិតជាស្ត្រីមាន ផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន
-ហាមឃាត់រាល់ការបញ្ឈប់ពីការងារចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិត ជាស្ត្រីក្នុងរយៈពេល ១ឆ្នាំ ក្រោយសម្រាលកូន លើកលែងតែមានការប្រព្រឹត្តកំហុសធ្ងន់ ត្រូវស្នើសុំការពិនិត្យ និងសម្រេចជាមុនពីអធិការការងារក្នុងការបញ្ឈប់ពីការងារចំពោះកម្មករ
-និយោជិតជាស្ត្រីមានផ្ទៃពោះ ឬកម្មករនិយោជិតជាស្ត្រីក្នុងរយៈពេល ១ឆ្នាំក្រោយសម្រាលកូន។ ក្នុងករណី ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមវិធានការណែនាំនេះត្រូវទទួលរង ការផ្តន្ទាទោសស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
