ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៤១នាក់បានស្លាប់ នៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីត្រូវបានរន្ទះបាញ់ បន្ទាប់មកក៏មានការឆាបឆេះយ៉ាងសន្ធោសន្ធៅ

    BY autoadmin May 6, 2019
    មនុស្ស ៤១នាក់បានស្លាប់ នៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីត្រូវបានរន្ទះបាញ់ បន្ទាប់មកក៏មានការឆាបឆេះយ៉ាងសន្ធោសន្ធៅ

    ប្រទេសរុស្ស៊ី៖ អ្នកស្រី Elena Markovskaya សមាជិកគណៈកម្មការស៊ើបអង្កេតរបស់ប្រទេសបាននិយាយថា មនុស្ស ៤១នាក់ រួមមានទាំងកូនក្មេង ២នាក់ ត្រូវបានស្លាប់ នៅពេលយន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងបានចុះចតជាបន្ទាន់ និងឆាបឆេះយ៉ាងសន្ធោ​សន្ធៅកាលពីថ្ងៃអាទិត្យ នៅឯព្រលានយន្តហោះទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា ពលរដ្ឋអាមេរិកម្នាក់ក៏ត្រូវបានស្លាប់ផងដែរនៅក្នុងការធ្លាក់យន្តហោះនេះ។ របាយការណ៍ជាបឋមបានឱ្យដឹងថា យន្តហោះម៉ូដែល Superjet 100 របស់រុស្ស៊ីមួយនេះ កំពុងហោះពីទីក្រុងមូស្គូទៅក្រុង Murmansk នៅពេលដែលមានអគ្គីភ័យឆាបឆេះឡើង។

    Interfax បានរាយការណ៍ថា យន្ដហោះដឹកអ្នកដំណើរលេខ SU1992 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានវិលត្រឡប់ទៅកាន់ព្រលានយន្តហោះ Sheremetyevo របស់ទីក្រុងម៉ូស្គូ ដើម្បីធ្វើការចុះចតជាបន្ទាន់មួយ។ បន្ទាប់មកពួកគេបាន «បាត់ការទំនាក់ទំនង» ដែលបណ្តាលមកពី «រន្ទះ» ដែលវាបានបង្ខំឱ្យយន្ដហោះត្រឡប់ទៅព្រលានយន្តហោះ Sheremetyevo វិញ។

    វីដេអូដែលគេថតបានមុនពេលការធ្លាក់យន្តហោះបង្ហាញឱ្យឃើញថា យន្តហោះបានបើករេនៅលើផ្លូវរត់ មុនពេលវាដាក់ការចុះចតយ៉ាងប្រញាប់ និងបានលេបត្របាក់ដោយអណ្ដាតភ្លើង។ លោកស្រី Markovskaya បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន Sheremetyevo ថា មនុស្ស ៣៧នាក់ បានរួចជីវិតក្នុងហេតុការណ៍ ហើយ ៥នាក់ ផ្សេងទៀតត្រូវសម្រាកនៅមន្ទីរពេទ្យ។ យ៉ាងណាមិញយន្តហោះនេះត្រូវបានគេរាយការណ៍ថា មានអ្នកដំណើរ ៧៣នាក់ និងសមាជិកយានិក ៥នាក់ នៅលើយន្តហោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: