ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យការដ្ឋានគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមការណែនាំរបស់ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេក ទេសអង្គភាពគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស អគ្គិសនី កម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ចុះពិនិត្យការដ្ឋានរួមគ្នា ដើម្បីពិនិត្យ និងចង្អុលបង្ហាញបណ្តាញបញ្ជូនថាមពលអគ្គិសនីក្រោមដី ដែល មានបច្ចុប្បន្ន ហើយរងប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសឱ្យដឹងនៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ។

ប្រភពដដែលបន្តថាក្នុងឱកាសនេះក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។ តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម (MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត។ ជាគម្រោងទទួលបានហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ, ទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ៕



ប្រភព៖ ក្រសួងព័ត៌មាន