ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលនាវាទេស​ចរណ៍​អន្តរជាតិធំៗចំនួន ៦គ្រឿង ជាមួយទេសចររាប់សិប​សញ្ជាតិ​ជាង ​៦​ពាន់នាក់ និងនាវិកជាង ៣ពាន់នាក់

    BY soknita February 26, 2025
    គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលនាវាទេស​ចរណ៍​អន្តរជាតិធំៗចំនួន ៦គ្រឿង ជាមួយទេសចររាប់សិប​សញ្ជាតិ​ជាង ​៦​ពាន់នាក់ និងនាវិកជាង ៣ពាន់នាក់

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ នាទី មាននាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាន​ប្រវែង​បណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​​​(ក.ស.ស) ដោយសុវត្ថិភាព។

    ប្រភពកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCOREចូលមកសំចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោល​បំណងមកទស្សនា​ប្រទេស​កម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀត​ណាម​។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤១៣ នាក់ (ស្រី ១០៥ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៥៤៦ នាក់ (ស្រី ២៧៩ នាក់) មាន ១៩ សញ្ជាតិ។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋ​អាមេរិក (៣២២ នាក់) និងអង់គ្លេស (១០៥) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង២០:០០ នាទីនៅថ្ងៃដដែល។

    យោងតាមការកត់ត្រាដោយក្រុមការងារ MoINFO APP ផ្អែកលើទិន្នន័យ​ដែលបង្ហាញដោយបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ក.ស.ស គិត​ពីដើមខែកុម្ភៈ មកដល់ថ្ងៃទី ២៥ ខែកុម្ភៈនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលការចូលសំចតនៃនាវាទេសចរណ៍អន្តរជាតិធំៗចំនួន៦គ្រឿង ជាមួយនឹងទេសចររាប់សិបសញ្ជាតិចំនួន ៦១៥៨ នាក់ និងនាវិកចំនួន ៣១៣៤ នាក់។

    នៅទី ១៥ ខែកុម្ភៈ វេលាម៉ោង ៧:៣០ព្រឹក នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY ដែលមាន​ប្រវែងបណ្តោយ ២៥៣.៣ ម៉ែត្រ ប្រវែង​ទទឹង ៣២.២ ម៉ែត្រ ជម្រៅ ៧.៣ ម៉ែត្រ បានចូលចតនៅ ក.ស.ស ដោយ​សុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈ​ពេលមួយ​ថ្ងៃបន្ទាប់​ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេស​ចរណ៍នេះ មាននាវិក​សរុបចំនួន ៦៣៧ នាក់ (ស្រី ១៤០ នាក់) មាន ២៨ សញ្ជាតិ និងមានភ្ញៀវ​ទេសចរសរុបចំនួន ២ ១២៣​ នាក់ (ស្រី ១ ០៧៦ នាក់) មាន ១៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (១ ៨៦៩ នាក់) ហើយនាវាទេសចរណ៍នេះបានចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង​ ១៨:០០ នាទីល្ងាច នៅថ្ងៃដដែល។

    នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹកនាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមាន​ប្រវែងបណ្តោយ ២២៣.៧៤ ម៉ែត្រ ប្រវែងទទឹង ៣១ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូល​ចតនៅក.ស.ស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល​មួយ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍​នេះ មាននាវិកសរុបចំនួន ៥៤៥ នាក់ (ស្រី ១៣៣ នាក់) មាន ៤៤ សញ្ជាតិ និងមានភ្ញៀវទេសចរ​សរុបចំនួន ៧២៥ នាក់ (ស្រី ៣៩១ នាក់) មាន ១៨ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋ​អាមេរិក(៥៨៩ នាក់) និងអង់គ្លេស (៦៦ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅ​ប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទីយប់នៅថ្ងៃដដែល។

    នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ព្រឹកនាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែល​មានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ ក.ស.ស ក្នុងគោល​បំណង​មកទស្សនា ប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាន​នាវិក​សរុបចំនួន ៤០៤ នាក់ (ស្រី ១០២ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវ​ទេសចរសរុបចំនួន ៥៩២ នាក់ (ស្រី ៣០៧ នាក់) មាន ២២ សញ្ជាតិ។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៣២ នាក់) និងអង់គ្លេស (១០៦) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេស​វៀតណាម នៅវេលាម៉ោង ២០:០០ នាទីយប់ នៅថ្ងៃ​ដដែល។

    នៅថ្ងៃ ៦ ខែកុម្ភៈវេលាម៉ោង ៨:៥០ព្រឹកនាវាទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលមាន​ប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បានចូលចតនៅ ក.ស.ស ក្នុងគោល​បំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ​បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុប​ចំនួន ៣៥០ នាក់ (ស្រី ៩៩ នាក់) មានមួយសញ្ជាតិ និងមានភ្ញៀវទេសចរ​សរុបចំនួន ២៦៣ នាក់ (ស្រី ១៤៣ នាក់) មាន ២១ សញ្ជាតិ។ ចំនួន​សញ្ជាតិ​ដែលមានភ្ញៀវច្រើនជាងគេ គឺជប៉ុន (១៦៦ នាក់) ហើយនាវា​ទេសចរណ៍​​នេះ បានចាកចេញទៅប្រទេសវៀតណាមនៅវេលាម៉ោង ២២:០០ នាទីយប់នៅ​ថ្ងៃដដែល។

    ដោយឡែកនាវាទេសចរណ៍ទី១ ដែលបានចូលមកសំចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាឆ្នេរនិង​ក្រុងព្រះសីហនុនៅដើមខែកុម្ភៈ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND។នាវាទេសចរណ៍នេះបានចូលមកកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ នៅថ្ងៃទី៦ ខែកុម្ភៈវេលាម៉ោង ៧:៣០ ព្រឹក។ នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ម៉ែត្រ ប្រវែងទទឹង ៣២.២៥ម៉ែត្រ ជម្រៅ ៨ម៉ែត្រ បានចូលចត​នៅ ក.ស.សក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិក​សរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវ​ទេសចរសរុបចំនួន ១ ៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩២៥ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញ​ទៅប្រទេសវៀតណាម នៅវេលា​ម៉ោង ២១:០០យប់នៅថ្ងៃដដែល។

    គួរជម្រាបថា កាលពីចុងខែមករា កន្លងទៅរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី​២៧-៣១ ខែមករា រដ្ឋបាលខេត្តព្រះសីហនុ​បាន​រៀបចំពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានតេជោក្រុងព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ នៅក្នុងពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ដែលរៀបចំឡើងសម្រាប់​រយៈពេល ៥ ថ្ងៃនេះដែរ ក.ស.ស បានដាក់​បង្ហាញ និងផ្សព្វផ្សាយព័ត៌មានស្តីពី​សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ ក.ស.ស រួមទាំងការចូលរួម​ចំណែក​របស់ ក.ស.សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈ​ការដឹកញ្ជូននិង​ភស្តុភារជាពិសេសសមិទ្ធផលនៃការសម្រេចបានដ៏វិសេសវិសាល នៃ​កុងតឺន័រឆ្លង​កាត់ ក.ស.ស ចំនួន ១ លាន ធីអ៊ីយូ ក្នុងឆ្នាំ  ២០២៤៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay