ពលរដ្ឋម្នាក់ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុករតនមណ្ឌល
(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ នៅភូមិស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចបានរាយការណ៍ជូនសមត្ថកិច្ច។

តាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១២ និង៤៥នាទី នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានពលរដ្ឋឈ្មោះ ព្រីង ស៊ីណាន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញចំនួន ០១គ្រាប់ ប្រភេទគ្រាប់មីនស្នូលពោត។ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករតនមណ្ឌល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ