ស្នងការនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកភ្នាល់ជល់មាន់ចំនួន ២៥នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា អ្នកប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់ចំនួន ២៥នាក់ រួមនឹងវត្ថុតាងផងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមមផ្លូវច្បាប់ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះហើយ។

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា កិច្ចប្រតិបត្តិការនេះធ្វើឡើង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលមានលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល លោក វរសេនីយ៍ឯក កោ ស៊ុនកាំង នាយ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបង្រ្កាបសង្វៀនជល់មាន់ចំនួន ០២កន្លែងផ្សេងគ្នា។ក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង ដោយបាននាំអ្នកប្រព្រឹត្តិចំនួន ២៥នាក់រួមនឹងវត្ថុតាងមួយចំនួនផងមកធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូន។
សូមជម្រាបជូនថា ល្បែងភ្នាល់ជល់មាន់នេះកត់សម្គាល់កើតមាន នៅតាមមូលដ្ឋានមួយចំនួន បើទោះបីសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណាក៏អ្នកប្រព្រឹត្តិនៅ តែបន្តឆ្លៀតប្រព្រឹត្តិក្នុងទ្រង់ទ្រាយតូចឬធំ ហើយបញ្ហានេះសមត្ថកិច្ចនឹងបន្តបង្រ្កាបជាបន្តបន្ទាប់ទៀត៕

