រួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជួសជុល ពង្រឹងឡើងវិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) បានរៀបចំពិធីក្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្តឡើងវិញ ក្រោយអ្នកជំនាញពិនិត្យឃើញថាមានបញ្ហាប្រឈមផ្នែកខ្លះ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា កន្លងមកអាជ្ញាធរជាតិអប្សរាបានជួសជុលស្ទើរតែគ្រប់ផ្នែកអស់ហើយ នៅរួតបាកាណអង្គរវត្តនេះ គឺនៅសល់តែមួយផ្នែកនៃជ្រុងឦសាននេះប៉ុណ្ណោះ ដែលសហការជាមួយភាគីកូរ៉េ ធ្វើការជួសជុលអភិរក្ស។ លោកឡុង កុសល បានបញ្ជាក់ទៀតថា ក្នុងដំណើរការជួសជុលនេះ នឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ដោយអាជ្ញាធរជាតិអប្សរា មិនបានបិទឬផ្អាកការទស្សនានៅរួតបាកាណនេះទាំងមូលឡើយ គឺបិទទីតាំងដោយផ្នែកៗ ជាជំហានៗនៃប្រតិបត្តិការការងារប៉ុណ្ណោះ។

បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា បានគិតគូរខ្ពស់ពីសុវត្ថិភាពរបស់ទេសចរ ដោយបានរៀបចំរនាំងការដ្ឋានដើម្បីសុវត្ថិភាពទាំងក្រុមការងារជួសជុល និងសុវត្ថិភាពទេសចរផង មានរៀបចំស្លាកសញ្ញាជូនដំណឹង ពីការជួសជុល ឬបង្វែរការទស្សនាជាដើម។ ក្នុងការជួសជុលនេះយើងបានគិតគូរពីលំហូរភ្ញៀវទេសចរ ក៏ដូចជាបង្វែរការទស្សនារបស់ភ្ញៀវទេសចរ ទន្ទឹមនឹងនេះទៀតសោតក្នុងគម្រោងរបស់យើងក៏បានរៀបចំកន្លែងទុកដាក់ថ្មឱ្យបានត្រឹមត្រូវ ការបញ្ចៀសបញ្ហាផ្សេងៗយើងបានគិតគូររួចហើយ អ្វីដែលត្រូវធ្វើយើងរៀបចំរនាំងការដ្ឋាន សុវត្ថិភាពទាំងក្រុមការងារផង សុវត្ថិភាពទាំងទេសចរផង និងដាក់ស្លាកសញ្ញាមួយចំនួនដើម្បីជម្រាបជូនភ្ញៀវទេសចរ ដើម្បីឱ្យបានដឹងថាកន្លែងនេះជាកន្លែងការដ្ឋាន។
លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោង បានឱ្យដឹងថា រដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ មានភាពរីករាយ ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលអភិរក្ស រួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត ដោយភាគីកូរ៉េមានសេចក្តីសង្ឃឹមថា ការចាប់ផ្តើមនៃគម្រោងមួយនេះ នឹងធ្វើឱ្យសម្ព័ន្ធភាពរវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជា កាន់តែមានភាពល្អប្រសើរ។
លោកបញ្ជាក់ថា ភាគីកូរ៉េ និងអាជ្ញាធរជាតិអប្សរា តាំងចិត្តយ៉ាងមុតមាំ ក្នុងប្រតិបត្តិការជួសជុលរួតបាកាណនេះ គឺធានាឱ្យមានសុវត្ថិភាពទាំងកម្មករ ភ្ញៀវទេសចរ និងសោភ័ណភាពនៃប្រាង្គប្រាសាទ។ សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាណ នៃប្រាសាទ អង្គរវត្ត៕




ប្រភព៖ ក្រសួងព័ត៌មាន