ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះ-ថ្នាក់ចរាចរណ៍
យោងតាមាករចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៌មហាផ្ទៃ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈឆ្នាំ ២០២៤ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន២,៨៤៤លើក។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២៤ និងលើកទិសដៅបន្ដឆ្នាំ ២០២៥ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគច្រើនដោយសារតែកត្តាប្រើប្រាស់ល្បឿនលឿនកម្រិតកំណត់ ដូច្នេះការងារកំណត់ល្បឿនត្រូវតែបន្ដយកចិត្តទុកដាក់បន្ថែមទៀត។
បើតាម ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, ចំពោះការរិះគន់រឿងនគរបាលផាកពិន័យលើអ្នកបើកបរលើសល្បឿនកំណត់នៅតាមបណ្ដាញសង្គម គឺជាវិញ្ញាសារមួយដែលត្រូវពិនិត្យឡើងវិញផងដែរ។ ប៉ុន្ដែ ឯកឧត្តម យល់ឃើញថា ប្រសិនបើប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ បើកបរតាមច្បាប់កំណត់ មិនត្រូវខ្លាច ឬរិះគន់ការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ឡើយ ព្រោះកត្តាលឿននៅតែឈរលំដាប់លេខ១ ដែលនាំឱ្យមានគ្រោះថ្នាក់កើតឡើង។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «សូមឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្តច្បាប់ដោយផ្ដោតទៅលើការបង្ការ ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសតាមរយៈទិន្នន័យដែលបានបង្ហាញ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបណ្ដាលឱ្យស្លាប់ គឺអ្នកបើកលើសល្បឿនកំណត់។ ចឹងបញ្ហាល្បឿននេះនៅតែជាបញ្ហាមួយកំពុងក្ដៅគគុក។ បើយើងគោរពច្បាប់ជាពិសេសល្បឿននេះ គ្មានអ្នកណាទៅផាកពិន័យទេ»។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានស្នើឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដរួមគ្នាប្ដេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចាត់វិធានការណ៍ម៉ឺងម៉ាត់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២៥ ឱ្យសម្រេចបានជោគជ័យ ជាពិសេសកំណត់យក ១៥ភាគរយ ប្រៀបធៀបឆ្នាំ ២០២៤។ ក្នុងនោះត្រូវពិនិត្យ និងវាយតម្លៃលើផែនការរបស់ខ្លួនដែលមានស្រាប់ ដើម្បីយកទៅអនុវត្តឱ្យចំទិសដៅ។
បើតាមរបាយការណ៍របស់ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់កើតឡើងសរុប ២,៨៤៤លើក (យប់៥៧%) បណ្តាលឲ្យស្លាប់ ១,៥០៩នាក់ និងរបួស ៣,៧២០នាក់ (ធ្ងន់ ២,២៧៣នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាសធាតុ១%៕



ប្រភព៖ ព័ត៌មានទូរតស្សន៍មហាផ្ទៃ