នៅម៉ាឡេស៊ីយ៉ាងហោចណាស់មាន ១នាក់ ក្នុងចំណោម ២០នាក់ ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ សូម្បីតែបុគ្គលិកនៅតាមមន្ទីរពេទ្យ
យោងទៅតាមសារព័ត៌មាន The Star បានឱ្យដឹងថា ប្រហែល ១ ក្នុងចំណោម ២០នាក់ បុគ្គលិកនៅក្នុងប្រទេសម៉ាឡេស៊ីប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។ ទន្ទឹមនឹងនេះមនុស្សម្នាក់ ក្នុងចំណោម ១០នាក់ បានបញ្ចប់ការសិក្សានៅស្ថាប័នដែលមិនត្រូវបានទទួលស្គាល់ពីរដ្ឋ ដោយផ្អែកលើការរកឃើញនៃភ្នាក់ងារស៊ើបអង្កេតសាជីវកម្ម។ ទិន្នន័យនេះត្រូវបានទទួលបន្ទាប់ពីឯកសារបរទេសមួយបានបង្ហាញបញ្ជីឈ្មោះជនជាតិម៉ាឡេស៊ីជាង ៨០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានទិញសញ្ញាប័ត្រក្លែងក្លាយតាមរយៈក្រុមហ៊ុន Axact ។

នាយកគ្រប់គ្រងភ្នាក់ងារស៊ើបអង្កេត Akhbar & Associates លោក Datuk Seri Akhbar Satar បាននិយាយថា មនុស្ស ៥ ទៅ ៧% ដែលពួកគេបានស៊ើបអង្កេតមានសញ្ញាបត្រក្លែងក្លាយ ហើយ ១០ ទៅ ១៥% នៃពួកគេមានសញ្ញាប័ត្រពីសកលវិទ្យាល័យ ដែលមិនមានការទទួលស្គាល់ជាស្តង់ដារ។ គាត់និយាយថា៖ «មនុស្សជាច្រើនដែលមានសញ្ញាបត្រក្លែងក្លាយកំពុងដាក់ពាក្យសុំការងារជាន់ខ្ពស់ ហើយវាកើតឡើងនៅក្នុងឧស្សាហកម្មជាច្រើនដូចជា៖ ធនាគារ គ្លីនិក និងមន្ទីរពេទ្យជាដើម»។
Akhbar & Associates គឺជាភ្នាក់ងារដែលអនុវត្តការត្រួតពិនិត្យផ្ទៃក្នុងទៅលើបុគ្គលិកដែលមានសក្តានុពលសម្រាប់ក្រុមហ៊ុន។ ហើយលោកនាយកគ្រប់គ្រងក៏បានឱ្យដឹងដែរថា ក្រុមភ្នាក់ងាររបស់គាត់ក៏បានរកឃើញថា សូម្បីតែវេជ្ជបណ្ឌិតខ្លះក៏ប្រើប្រាស់សញ្ញាបត្រក្លែងក្លាយដែរ។ ជាក់ស្តែងបញ្ជីឈ្មោះមនុស្សដែលត្រូវបានចោទប្រកាន់ថា បានទទួលសញ្ញាប័ត្រក្លែងក្លាយរួមមានទាំងបណ្ឌិត និងថ្នាក់អនុបណ្ឌិតពីក្រុមហ៊ុន Axact ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ហើយក៏មានសាកលវិទ្យាល័យក្នុងស្រុកមួយចំនួនក៏កំពុងហុចសញ្ញាបត្រក្លែងក្លាយឱ្យទៅនិស្សិតរាប់ពាន់នាក់ ទាំងបានរៀន និងមិនបានរៀបផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ WOB