ក្រសួងវប្បធម៌ ស្នើឱ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ផេកមួយ ដែលបានបង្ហោះបទចម្រៀងមានខ្លឹមសារ អសុរោះ គ្មានសីលធម៌ ប៉ះពាល់ខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងតម្លៃស្រ្តីខ្មែរ
(រាជធានីភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានស្នើឱ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ផេកមួយ ដែលបានបង្ហោះបទចម្រៀងមានខ្លឹមសារ អសុរោះ គ្មានសីលធម៌ ប៉ះពាល់ខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងតម្លៃស្រ្តីខ្មែរ។

ការស្នើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងលើនេះ បានធ្វើឡើងក្រោយការពិនិត្យឃើញថា មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ (ALL from me) បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) នេះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយ ឈ្មោះ (ALL from me) ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក (ALL from me) ត្រូវ ធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ