ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីបុរសជនជាតិចិនម្នាក់ព្យាយាមលោតចេញពីរថយន្តPrius នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ សមត្ថកិច្ចអះអាងថា ករណីចាប់ជំរិតទារប្រាក់

    BY soknita March 4, 2025
    ករណីបុរសជនជាតិចិនម្នាក់ព្យាយាមលោតចេញពីរថយន្តPrius នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ សមត្ថកិច្ចអះអាងថា ករណីចាប់ជំរិតទារប្រាក់

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺ ថា ករណីបុរសជនជាតិចិនម្នាក់ ព្យាយាមលោតចេញពីរថយន្ត Prius ពណ៌ក្រហម នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២:៣០នាទី ថ្ងៃត្រង់។

    នៅក្នុងសេចក្ដីបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖

    -ករណី៖ ចាប់ជម្រិតទារប្រាក់

    -កើតហេតុ៖ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:១០នាទី

    -ចំណុច៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

    ជនរងគ្រោះម្នាក់មានឈ្មោះ LIU SEN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEN6418573 មានសុពលភាពលិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាពទិដ្ឋាការ ០២.០៤.២០២៥។ ចំពោះជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិខ្មែរ ភេទប្រុស (មិនស្គាល់អត្តសញ្ញាណ)។ ក្នុងនោះផលប៉ះពាល់វិញញមាន បាត់វ៉ាលីដាក់ខោអាវ ចំនួន១, បាត់ទូរសព្ទ ០១គ្រឿង និងគ្មានវត្ថុតាងឡើយ។

    ចំពោះរឿងហេតុកើតឡើង នៅអំឡុងឆ្នាំ ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អា.យុ ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញពីប្រទេសចិន ទៅរស់នៅប្រទេសអូស្រ្តាលី ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្រ្តាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន។ នៅអំឡុងខែធ្នូ ឆ្នាំ ២០២៤ ឈ្មោះ LIU SEN បានស្គាល់ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាមរយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែលជាមិត្តភក្តិជិតស្និតបានណែនាំ។ ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បានរយៈពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាមពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHIYE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុនរកស៊ីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុន និងទទួលបានភាគលាភជាប្រចាំខែ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបានណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេសកម្ពុជា។

    កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង២២:៥០នាទី បុរសឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្រ្តាលី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០នាទី តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅពេលមកដល់ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយ FENG ZHIYE ក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូរកស៊ីរបស់ឈ្មោះ FENG ZHIYE។

    នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើអំពើហិង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។ ពេល LIU SEN បានរើបម្រាស់តបត ជាមួយបុរសជនជាតិខ្មែរទាំង ០៣នាក់នោះ ក៏បានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បានធ្លាក់ពីលើរថយន្តតែម្តង។ បុរសឈ្មោះ LIU SEN គេចខ្លួនបានសម្រេចខ្លួនក៏បានរត់ចូលហាងបាយមួយកន្លែងដើម្បីឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់ និងបាននាំខ្លួនមកសាកសួរតែម្តង។ ចំណាត់ការបន្តកម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ និងម្ចាស់រថយន្តខាងលើយកមកចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay