ពិធីករដែលប្រើពាក្យលេបខាយដាក់នារីម៉ូដែលម្នាក់ ត្រូវរដ្ឋមន្រ្តីក្រសួងព័ត៌មានហៅទៅណែនាំ និងឲ្យធ្វើលិខិតសុំទោស
(រាធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងគណនីរបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ពិធីករកីឡាប្រដាល់ ឈ្មោះ ជួប វុត្ថា ដែលប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីឈ្មោះ ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ កន្លងមក បង្ហាញការសោកស្តាយ ព្រមសូមអភ័យទោសជាសាធារណៈ និងសរសេរជាលិខិតសូមទោសផងដែរ។

យោងតាមសារបង្ហោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។
ជាលទ្ធផល ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha ៕





ប្រភព៖ Neth Pheaktra