ទីបំផុត!! យុវជនដែលប្រើហិង្សាលើលោកតាជាអ្នកធាក់ស៊ីក្លូ បានលើកដៃសុំទោស និងឧបត្ថម្ភថវិកាមួយចំនួនដល់លោកតាដើម្បីបញ្ចប់រឿង
នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនដែលប្រើហិង្សាលើលោកតាជាអ្នកធាក់ស៊ីក្លូ បានលើកដៃសុំទោស និងបានឧបត្ថម្ភថវិកាមួយចំនួនដល់លោកតាដើម្បីបញ្ចប់រឿង។

ក្នុងនោះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ជុំវិញករណីបុរសម្នាក់ប្រើអំពើហិង្សាលើអ៊ំប្រុសម្នាក់ជាអ្នកធាក់ស៊ីក្លូ កាលពីយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ២២:១៥នាទី នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ស្រាវជ្រាវករណីហិង្សាខាងលើ ហើយក៏នាំភាគីទាំងសងខាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំជុំវិញដំណើររឿង។ ក្រោយពីសួរនាំរួច ភាគីទាំងសងខាង បានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលគ្នា និងបញ្ចប់រឿង ដោយមិនមានការប្តឹងផ្តល់គ្នានោះទេ ហើយភាគីបង្កបានសុំទោសអ៊ំប្រុសជាអ្នកធាក់ស៊ីក្លូ ជាសារធារណៈ និងបានឧបត្ថម្ភថវិកាដល់អ៊ំប្រុសជាអ្នកធាក់ស៊ីក្លូមួយចំនួនផងដែរ។ ក្រោយមកសមត្ថកិច្ចបានធ្វើការណែនាំអប់រំជនបង្ក និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងសងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ