រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប
(ខេត្តសៀមរាប )៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះតទៅ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (ចៃកា) លើគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប រដ្ឋបាល ខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការអនុវត្តសាកល្បងនូវម៉ាស៊ីនប្រកាស អាសន្នសម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាលើករណីដូចជា អគ្គិភ័យ តម្រូវការសង្គ្រោះបឋម គ្រោះថ្នាក់ នានា ឬហេតុការណ៍ និងបទល្មើសផ្សេងៗទៀតពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងក្រុងសៀមរាប។ ម៉ាស៊ីនប្រកាសអាសន្ននេះដំណើរការ ២៤ ម៉ោងលើ ២៤ ម៉ោង ហើយ ដែលបានអនុវត្តចាប់ពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥។ ក្នុងគម្រោងសាកល្បងម៉ាស៊ីនប្រកាសអាសន្ននេះ មានមួយទីតាំងស្ថិតនៅលើផ្លូវសុខសាន្តក្នុងតំបន់ Pub-street នៃក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានាបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងសំណើសុំជំនួយផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តគម្រោងខាងលើឱ្យទទួលបានប្រសិទ្ធភាព ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងក្រុងសៀមរាប៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប