ករណីសិស្សសាលាមួយក្រុម ជ-ក់បា-រីហើយបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា យកមកអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីសិស្សសាលាមួយក្រុម ជក់បារីហើយបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា យកមកអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា។

តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីយុវជនមួយក្រុមជាសិស្សសាលាស្លៀកពាក់ឯកសណ្ឋានសិស្សជក់បារីថតវីដេអូ បង្ហោះក្នុងបណ្តាញហ្វេសប៊ុក នៅក្នុងរោងមួយកន្លែង និងបាននិយាយថាជាសិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែនត្រើយស្លា។
ក្រោយពីទទួលបានព័ត៌មាននេះរួច ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយត្រើយស្លា បានចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
-ករណីៈ សិស្សសាលាប្រមូលផ្ដុំគ្នាជក់បារីរួច ថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក
-កើតហេតុៈ ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ៣០នាទី
-ចំណុចៈ ក្នុងរោងលក់បាយ មុខវិទ្យាល័យសម្តេចតេជោហ៊ុនសែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ មានសិស្សសាលាទាំងអស់ចំនួន ១៣នាក់ ចំពោះចំណាត់ការ បន្ទាប់ពីបានសួរនាំរួចកម្លាំងជំនាញបានសុំគោលការណ៍តាមឋានានុក្រម និងបានហៅឪពុកម្តាយអាណាព្យាបាលរបស់សិស្ស ធ្វើកិច្ចសន្យា អប់រំណែនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា រួចឱ្យត្រឡប់ទៅផ្ទះវិញ៕



ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល