ក្រុមអ្នកប្រើប្រាស់ម៉ូតូបំពាក់ឧបករណ៍កែច្នៃចំនួន ០២ក្រុម មានរហ័សនាមផ្សេងគ្នា ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ស្នងការនគរបាលខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមអ្នកប្រើប្រាស់ម៉ូតូបំពាក់ដោយឧបករណ៍កែច្នៃចំនួន ០២ក្រុម មានរហ្សនាមផ្សេងគ្នា ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ស្នងការនគរបាលខេត្តបាត់ដំបង។

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងនគរបាលក្រុងបាត់ដំបង ធ្វើការប្រមូលនាំយកអ្នកជិះម៉ូតូដោយមានការកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទ្ទេសក្នុងក្រុងបាត់ដំបងចំនួន ០២ក្រុម ដែលមានការចាត់តាំង ហើយកំពុងមានសកម្មភាពនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង នារាត្រីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ ។
ការនាំមកសាកសួរនេះមានចំនួន ២២នាក់ ម៉ូតូ ១៨គ្រឿង ក្នុងនោះគឺ៖
-ក្រុមទី០១ មានរហ្សនាមថា ក្រុមរោករ៉ាក មានចំនួន ១២ នាក់
-ក្រុមទី០២ មានរហ្សនាមថាក្រុម pink pink មានចំនួន ០៥ នាក់ ចំណែក ០៥ នាក់ ទៀតគឺមិនទាន់មានក្រុមនៅឡើយទេ។
ការសាកសួរអំពេីទង្វេីនេះពួកគេបានឆ្លេីយថា គឺជាការរៀបចំប្រមូលគ្នាជាក្រុម ថតរូបភាពជាវីដេអូដាក់សម្លេងភ្លេងកាចៗ បង្ហោះក្នុងហ្វេសប៊ុក ឬ TikTok ដើម្បីបានការចូលមើលច្រើនហើយទាក់ទាញអ្នកផ្សេងទៀតឱ្យធ្វើដូចខ្លួន។
ជាការកត់សម្គាល់នាពេលកន្លងមកមានទិដ្ឋភាពបែបនេះ បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនិង TikTok ដោយការតាំងបង្ហាញជាក្រុម ឬបើកបរជាក្រុម ដោយសម្លេងម៉ូតូឮខ្លាំងៗ និងភ្លើងបំភ្លឺឆ្វេចឆ្វាច និងពេលខ្លះបានបង្កទៅជាភាពអណាធិបតេយ្យនៅក្នុងទីក្រុងទៀតផង។
ចំពោះករណីខ្លះក៏បង្ហាញនូវភាពឌឺដងដាក់គ្នាទៅក្រុមផ្សេង ឬផ្តាំផ្ញើទៅក្រុមផ្សេងតាមរយៈទិដ្ឋភាពនេះ ដែលមហាជនក្នុងបណ្តាញសង្គមមានការបារម្ភថា នឹងអាចបង្កជាជម្លោះក្នុងពេលណាមួយជាក់ជាមិនខានហើយករណីនេះក៏បានរំខានរួចហើយដល់ការកំសាន្តសប្បាយនិងការធ្វើលំហាត់ប្រាណពីប្រជាពលរដ្ឋតាមដងផ្លូវ។
សូមយុវជនទាំងឡាយបញ្ឈប់នូវសកម្មភាពកែច្នៃខុសលក្ខណៈបច្ចេកទ្ទេសបែបនេះបន្តទៀត ហើយសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការប្រមូលមកអប់រំណែនាំនិងឱ្យដោះចេញនូវឧបករណ៍ទាំងនេះទាំងនៅក្រុងបាត់ដំបង និងស្រុកផ្សេងទៀតទូទាំងខេត្ត ករណីនៅតែបន្តប្រព្រឹត្តិនោះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕




