ព័ត៌មានជាតិ

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ

BY
soknita
March 12, 2025

(ខេត្តកំពត)៖ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ

តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព ផ្លូវជាតិលេខ៣១ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ មន្ត្រី PMU និង PIU តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន (WACC)។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពផ្លូវនាពេលបច្ចុប្បន្ន រួមមានទីតាំងមួយចំនួនដែលបានកែសម្រួលរួចរាល់ និងទីតាំងមួយចំនួនទៀត ដែលមិនទាន់បានកែសម្រួលហើយ ព្រមទាំងពិភាក្សាអំពីទិសដៅការងារបន្តដែលក្រុមហ៊ុនត្រូវអនុវត្ត ធ្វើយ៉ាងណាឱ្យខ្សែផ្លូវមួយនេះមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីនេះ ឯកឧត្តមនាយកគម្រោង បានចុះពិនិត្យទីតាំងគ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

Share This Post: