ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកដំណើរបណ្តោះអាសន្ន នៅខែកញ្ញា ខាងមុខនេះ

    BY soknita March 14, 2025
    គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកដំណើរបណ្តោះអាសន្ន នៅខែកញ្ញា ខាងមុខនេះ

    (ខេត្តក្រចេះ)៖ កាលពីរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់។

    ក្នុងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។

    ដោយគិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល ៨៩,៨៤ភាគរយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង មានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៦២,១០ភាគរយ។ ដូចអ្វីដែលបានគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

    ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។

    ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ នឹងរៀបចំផែនការដើម្បីគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី មកពិនិត្យការដ្ឋាននៅក្នុងកំឡុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខ មុននឹងគោរពស្នើសុំ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមឈ្មោះស្ពាន និងគោរពអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ នៅពេលវេលាសមរម្យណាមួយ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ តទៅ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay