ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពត សាកល្បងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

    BY soknita March 14, 2025
    ខេត្តកំពត សាកល្បងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរក្រុងកំពត បានបញ្ជាក់ថាការដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ មិនទាន់រួចរាល់នៅឡើយទេ។ ហើយថាគ្រាន់តែការធ្វើតេស្តសាកល្បងប្រជាពលរដ្ឋ និងក្រុមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានផុស និងចែករំលែកបន្តយ៉ាងផុសផុល។ ក្រោយពេលដំឡើង និងបញ្ចូលបទភ្លេងរួច អាជ្ញាធរជឿថា ខេត្តកំពតប្រែប្រួលមុខមាត់មួយកម្រិតទៀត ហើយភ្ញៀវនឹងមកច្រើនទ្វេដង។

    អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារបច្ចេកទេសដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេង​អម​ដោយភ្លើងចម្រុះពណ៌ បានធ្វើតេស្តសាកល្បង ក្បាលបាញ់ទឹក និងភ្លើងមួយចំនួន ថាតើវាមានដំណើរការយ៉ាងដូចម្ត៉េច? ហើយតាមរយៈការធ្វើតេស្ត ក្រុមការងារបច្ចេកទេស បញ្ជាក់ថា ក្បាលបាញ់ទឹកមួយចំនួននៅមិនទាន់មានចលនាល្អនោះទេ ក្បាលខ្លះក៏នៅស្ទះទឹក និងខ្លះទៀតដំណើរការរអាក់រអួលមិនត្រឹមត្រូវតាមមុខងារ។ ខណៈដែលការបញ្ចូលសាច់ភ្លេងក៏នៅមិនទាន់បានរៀបចំនៅឡើយដែរ។ លោកបានបន្តថា តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត សួនបាញ់ទឹកដ៏ទាក់ទាញមួយនេះ នឹងត្រូវរៀបចំកែសម្រួលឲ្យរួចរាល់ នៅចុងខែមីនានេះ។

    លោកអភិបាលក្រុងបានបន្ថែមផងដែរថា គ្រាន់តែជាការធ្វើតេសសាកល្បង សួនបាញ់ទឹកមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងខ្លាំង អមដោយសំណេរ ដែលបង្ហាញពីចំណាប់អារម្មណ៍រំភើបរីករាយ និងមានមោទនភាព ដែលខេត្តរបស់ខ្លួន ទទួលបានសមិទ្ធផលទេសចរណ៍ថ្មីមិនធ្លាប់មាន ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

    លោកអភិបាលក្រុងបានបង្ហាញការជឿជាក់ថា សួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ក្រោយពេលដំឡើង និងរៀបចំកែសម្រួលរួចរាល់ គឺពិតជានឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើនទ្វេដង។ ហើយថាខេត្តកំពតនឹងប្រែប្រួលមុខមាត់មួយកម្រិតថែមទៀត។

    សូមរម្លឹកថា រដ្ឋបាលខេត្តកំពតបានធ្វើពិធីបើកការដ្ឋានដំឡើងសួនទឹករាំតាមចង្វាក់​ភ្លេងអមដោយភ្លើងចម្រុះពណ៌ក្នុងដងព្រែកកំពង់បាយទល់មុខសាលាខេត្តកាលពីថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២៥ ហើយបន្ទាប់ពីសួនបាញ់ទឹករួចរាល់ រដ្ឋបាលខេត្តកំពតនឹងចាប់ផ្តើមសាងសង់ស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកកំពង់បាយ ១ខ្សែទៀត ខណ:ដែលឆ្នេរសមុទ្រកម្សាន្តនឹងត្រៀមស្ថាបនាក្នុងពេលបន្ទាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay