សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិន និងខ្មែរ ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិន និងខ្មែរ ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ។

ក្នុងនោះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន ១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី ០៦ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន ០២នាក់ និងជនជាតិខ្មែរ ១៧នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ