រថយន្ត

ម៉ាឡេស៊ីអនុញ្ញាតឲ្យប្រជាជនខ្លួនបិទកញ្ចក់ខ្មៅមួយជុំរថយន្តបាន តែត្រូវមានលក្ខខណ្ឌបែបនេះ

BY
Khmernote Media
May 9, 2019

ម៉ាឡេស៊ី៖ ក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ីបានធ្វើសេចក្តីប្រកាសថា ចាប់ទីថ្ងៃទី ៨ ខែឧសភានេះ រដ្ឋាភិបាលម៉ាឡេស៊ី​នឹងអនុវត្តច្បាប់ថ្មី ចំពោះរថយន្ត ដែលបិទកញ្ចក់ខ្មៅ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Anthony Loke រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៅក្នុងសន្និសិទ្ធសារព័ត៌មានមួយក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កន្លងមកគេបានសង្កេតឃើញថា មានរថយន្តជាច្រើនបានបិទកញ្ចក់ពណ៌ខ្មៅក្រោមហេតុផលថា ការពារកំដៅថ្ងៃ​ ឬដើម្បីលេងម៉ូតរថយន្តជាដើម។

ច្បាប់ថ្មីនេះ អនុញ្ញាតឲ្យម្ចាស់យានយន្តបិទកញ្ចក់ខ្មៅបានដូចលក្ខខណ្ឌខាងក្រោម៖

១.កញ្ចក់មុខរបស់រថយន្តត្រូវតែមានពន្លឺ ៧០% ជះចូលបាន (មានន័យថាអាចបិទខ្មៅបានតែអនុញ្ញាតត្រឹមខ្មៅស្រាលៗ ៣០%)

២.កញ្ចក់ជំហៀងសម្រាប់កៅអីមុខត្រូវតែមានពន្លឺ ៥០%

៣.កញ្ចក់ជំហៀងសម្រាប់កៅអីក្រោយ និងកញ្ចក់ផ្នែកខាងក្រោយអនុញ្ញាតឲ្យបិទខ្មៅបាន

ច្បាប់ថ្មីនេះអនុញ្ញាតឲ្យម្ចាស់យានយន្តបិទកញ្ចក់ខ្មៅមួយជុំរថយន្តបាន ប៉ុន្តែត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរសិន ដោយត្រូវដាក់ពាក្យស្នើសុំ ហើយគណៈកម្មាធិការដឹកនាំដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនឹងធ្វើការពិនិត្យមើលឯកសារនោះ ដោយមានការឆ្លងកាត់មន្ត្រីប៉ូលិសចរាចរណ៍ធ្វើការពិនិត្យជាមួយគ្នាផងដែរ។ នៅពេលឯកសារត្រូវបានមន្ត្រីយល់ព្រមហើយ ម្ចាស់យានយន្តត្រូវបង់ប្រាក់ RM5,000 (ប្រហែល 1,200ដុល្លារអាមេរិក) សម្រាប់ថ្លៃអនុញ្ញាត។ ការស្នើសុំនេះមានសុពលភាពត្រឹម២ឆ្នាំប៉ុណ្ណោះ នៅពេលហួសសុពលភាពត្រូវស្នើសុំធ្វើថ្មីឡើងវិញ។ សម្រាប់ម្ចាស់យានយន្តស្នើសុំបិទកញ្ចក់ខ្មៅមួយជុំរថយន្ត ក្រោមហេតុផលទាក់ទងនឹងសុខភាព គឺរដ្ឋលើកលែងឲ្យ ដោយមិនបាច់បង់ថ្លៃសេវា 1,200 ដុល្លារឡើយ៕

អត្ថបទ៖ភក្តី

ប្រភព៖worldofbuzz

Share This Post: