ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា សង្ឃឹមថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌នានាលើដងវិថីថ្មើរជើង (Walk Street) នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហាញក្ដីសង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីថ្មើរជើង (Walk Street) នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនបីន បានលើកឡើងថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ។»
ទាក់ទិននឹងការរៀបចំឱ្យមាន វិថីថ្មើរជើង (Walk Street) សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នាពេលថ្មីៗ បានកោតសរសើរដល់សាលារាជធានីភ្នំពេញ ក៏ដូចជាគ្រប់ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើងនេះបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។
គួររំលឹកផងដែរថា ការសាកល្បងផ្លូវថ្មើរជើង (Walk Street) នេះត្រូវបានធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ៕




ប្រភព៖ ក្រសួងព័ត៌មាន