ក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ដើម្បីអ្នកផលិតមាតិកាអាចរកចំណូលបាន
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័ន លោកស្រី Chanida Klyphum ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ និងសហការី ព្រមទាំងអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន សរុបប្រមាណ ២៥០នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកអំពីឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok រួមមាន គោលការណ៍ណែនាំសហគមន៍ ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ មិនគ្រាន់តែផ្តល់នូវការយល់ដឹងបន្ថែមទៀតអំពីប្រព័ន្ធបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្តល់នូវវិធីសាស្ត្រ និងមធ្យោបាយដល់អ្នកផលិតមាតិកាឱ្យយល់ដឹង និងរៀបចំមាតិការបស់ខ្លួនកាន់តែមានខ្លឹមសារល្អ ទាក់ទាញអ្នកស្តាប់និងអ្នកទស្សនា ហើយអ្នកផលិតមាតិកានឹងអាចរកចំណូលបាន ដែលនេះជាការផ្តល់ឱកាសរបស់ក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកានៅកម្ពុជា៕





