រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ឱ្យបានកាន់តែទូលំទូលាយ
(រាជធានីភ្នំពេ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានស្នើឱ្យក្រុមហ៊ុន TikTok ពង្រឹងស្តង់ដារសហគន៍ (Community Standard) របស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការយកថ្នាល TikTok សម្រាប់រកលុយដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ បំពុលសង្គម។។ ការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា បណ្តាញផ្សព្វផ្សាយសង្គម TikTok គឺជាប្រព័ន្ធផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធភាពក្នុងផ្សាភ្ជាប់ស្ថាប័នទាំងរដ្ឋ និងឯកជន ជាមួយប្រជាពលរដ្ឋ ហើយជាមួយភាពងាយស្រួលនេះដែរ ក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការបង្ហោះរូបភាពអាសអាភាស ការជេរប្រមាថ និងវោហាសាស្ត្រស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ជាដើម។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ក្រុមហ៊ុន TikTok សិក្សាពីលទ្ធភាពក្នុងការរៀបំសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅដើម្បីបានស្វែងយល់ច្បាស់ពីស្តង់ដា សហគមន៍ (Community Standard) របស់ TikTok ផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យក្នុងពេលប្រើប្រាស់។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា និងលោកស្រី Chanida Klyphun បានបញ្ជាក់ពីការពង្រឹងកិច្ចសហការគ្នាដើម្បីធានាការប្រើប្រាស់បណ្តាញសង្គម TikTok ដែលប្រជាប្រិយភាពនៅកម្ពុជា និងនិន្នាការរបស់ប្រជាជនកម្ពុជា ក្នុងការទទួលព័ត៌មានគ្រប់ប្រភេទពីបណ្តាញផ្សព្វផ្សាយសង្គម ជាពិសេស TikTok ឱ្យមានសុវត្ថិភាព និងប្រកបដោយភាពត្រឹមត្រូវ។
ក្នុងកិច្ចពិភាក្សាការងាររវាង ក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន TikTok ក៏បានលើកឡើងនូវ ភាពចាំបាច់ក្នុងការការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជនផងដែរ។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥នេះដែរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុន TikTok ប្រចាំអាស៊ីអាគ្នេយ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុងគោលបំណង ចែករំលែកព័ត៌មាន និងការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាពដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា ៕




ប្រភព៖ ក្រសួងព័ត៌មាន