ករណីអ្នកដឹងម្ហូបម្នាក់បាត់ម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ អធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ
(រាជធាណីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ករណីអ្នកដឹងម្ហូបម្នាក់បាត់ម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ អធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញយុវជនម្នាក់ ធ្វើការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ករណីចោរលួចម៉ូតូនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោគ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:០៥នាទី នៅចំណុចច្រកជណ្តើរឡើងផ្ទះលេខ៥ ផ្លូវលេខ១៣៤z ក្រុមទី២៤អា ភូមិទី៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
យ៉ាងណាក៏ដោយករណីនេះ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ក្រោយកើតហេតុ យុវជនជាជនរងគ្រោះឈ្មោះ សារ៉ាត សារ៉ាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅកន្លែងកើតហេតុ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូដែលបានបាត់។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់ គឺសមត្ថកិច្ចមិនទុកចោលសំណុំរឿងនោះទេ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ យុវជនជាជនរងគ្រោះបានធ្វេសប្រហែសធ្លាប់ចតម៉ូតូទុកចោល ដោយមិនបានដកកូនសោរចេញពីម៉ូតូ ហើយត្រូវបានកម្លាំងល្បាតនៅពេលយប់ឃើញក៏បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ និងបានទំនាក់ទំនងយុវជនជាជនរងគ្រោះ ដើម្បីមកទទួលម៉ូតូវិញផងដែរ៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ