ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្នាក់ងារបរិស្ថានបានព្រមានថា អង់គ្លេសត្រូវតែត្រៀមខ្លួនជាមួយនឹងទឹកជំនន់ដ៏អាក្រក់មួយ

    BY autoadmin May 9, 2019
    ភ្នាក់ងារបរិស្ថានបានព្រមានថា អង់គ្លេសត្រូវតែត្រៀមខ្លួនជាមួយនឹងទឹកជំនន់ដ៏អាក្រក់មួយ

    អង់គ្លេស៖ ភ្នាក់ងារបរិស្ថានបានព្រមានថា អ្នករៀបចំផែនការទឹកជំនន់អង់គ្លេសត្រូវត្រៀមខ្លួន សម្រាប់ការប្រែប្រួលអាកាសធាតុមួយដែលអាក្រក់បំផុត។ ប្រធានភ្នាក់ងារបរិស្ថានអ្នកស្រី Emma Howard Boyd បាននិយាយចំពោះបញ្ហាដែលកំពុងមានឡើងនៅពេលបច្ចុប្បន្នថា សីតុណ្ហភាពពិភពលោកនឹងកើនឡើងពី ២អង្សាសេ ទៅ ៤អង្សាសេ ត្រឹមឆ្នាំ ២១០០ ហើយថវិកា ១ពាន់លានផោន ក្នុងមួយឆ្នាំៗនឹងត្រូវចំណាយលើការគ្រប់គ្រងទឹកជំនន់។ អ្នកស្រីបាននិយាយថា សហគមន៍មួយចំនួនអាចត្រូវការផ្លាស់ទីដោយសារតែហានិភ័យនៃទឹកជំនន់។

    រដ្ឋាភិបាលអង់គ្លេសក៏បាននិយាយថា ពួកគេនឹងស្វែងរកភស្តុតាងបន្ថែម សម្រាប់គោលនយោបាយទឹកជំនន់របស់ខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនេះ។ លោកស្រី Howard Boyd បានចាប់ផ្តើមការពិគ្រោះយោបល់លើយុទ្ធសាស្ត្រគ្រប់គ្រងទឹកជំនន់ និងបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលគួរធានាថា ហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានមូលនិធិសាធារណៈជន គឺអាចទប់ទល់ទៅនឹងការជន់លិច និងការផ្លាស់ប្តូរលំនៅស្ថានតាមតំបន់ឆ្នេរសមុទ្រឱ្យបានត្រឹម ឆ្នាំ២០៥០ ។

    លោកស្រី Howard Boyd បានព្រមានថា ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជននៅក្នុងប្រទេសអង់គ្លេសមានន័យថា អចលនទ្រព្យដែលបានសាងសង់នៅតំបន់ទំនាបលិចទឹកនឹងកើនឡើងទ្វេដងក្នុងរយៈពេល ៥០ឆ្នាំ ខាងមុខនេះ។ ទីភ្នាក់ងារនេះបានចង្អុលបង្ហាញទៅតាមការស្រាវជ្រាវពីវិទ្យាស្ថាន Cambridge Institute for Sustainability Leadership ដែលបង្ហាញថា ការខាតបង់លើអចលនទ្រព្យនៅចក្រភពអង់គ្លេសអាចកើនឡើងទ្វេដង ប្រសិនបើសីតុណ្ហភាពសកលកើនឡើង ២អង្សាសេ ទៅ ៤អង្សាសេ ពិតមែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: