សមត្ថកិច្ចនាំខ្លួនយុវជន ២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើករណីបើករថយន្តក្នុងល្បឿនលឿន ខណៈប្រជាពលរដ្ឋកំពុងដើរហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន
(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា សមត្ថកិច្ចនាំខ្លួនយុវជន ២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត លើករណីបើករថយន្តក្នុងល្បឿនលឿន ខណៈប្រជាលរដ្ឋកំពុងដើរហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន។

តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលបាននាំខ្លួនយុវជន ០២នាក់ និងរថយន្តមួយគ្រឿង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ ឱ្យលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដោយមានកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋានចុះទៅដល់គោលដៅវាលយន្តហោះបែកចានក្នុងក្រុងបាត់ដំបង ខណៈទទួលបានព័ត៌មាននិងរូបភាពពីប្រជាពលរដ្ឋ ដែលកំពុងដើរហាត់ប្រាណ បង្កឱ្យមានភាពការភ័យខ្លាច និងភាពអាណាធិបតេយ្យ។
យុវជនទាំង ០២នាន់ មានឈ្មោះ ល្មុន មេត្តា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ ប្រាក់ គិមឡុង ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិកណ្ដាលខាងជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំពោះវត្ថុតាងដែលដកហូតរួមមាន រថយន្ត ០១ គ្រឿងម៉ាក FORD RANGER RAPTOR ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២៣ ។
យុវជនទាំងពីរនាក់ទទួលស្គាល់ថា ពិតជាធ្វើបានសកម្មភាពបើករថយន្តស្ទើរហោះនៅក្នុងព្រលានក្នុងខណៈមានអ្នកដើរហាត់ប្រាណជាច្រើននៅទីនោះ ដើម្បីតែការសប្បាយ និងថ្ងៃមុនក៏បានធ្វើម្តងរួចហើយ តែថ្ងៃនេះក៏មកធ្វើម្តងទៀត ហើយក៏ត្រូវសមត្ថកិច្ចឃាត់នាំមកស្នងការដ្ឋាន។ បច្ចុប្បន្នការិយាល័យជំនាញកំពុងបន្តការសាកសួរនិងអនុវត្តបន្តតាមនីតិវិធី៕



