រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
(ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

ក្នុងនោះដែរ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបញ្ជាក់ថា តាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ រថយន្តក្រុង (City Bus) ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង៕



ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ