អបអរសាទរ! និស្សិតអាហារូបករណ៍ ៣១នាក់ នឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើមខែមេសា និងដើមខែតុលាខាងមុខនេះ
(ប្រទេសជប៉ុន)៖ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា និស្សិតអាហារូបករណ៍ ៣១នាក់ នឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ដើមខែមេសា និងដើមខែតុលាខាងមុខនេះ។

តាមការបញ្ជាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា ២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែលនឹងត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ។
អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា ២០២៥ (MEXT Scholarship 2025) ដែលផ្តល់ជូននិស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research), ថ្នាក់ឧត្តមសិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សាបច្ចេកទេស (College of technology), ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ គឺដើម្បីសម្តែងការអបអរសាទរចំពោះការទទួលបានអាហារូបករណ៍របស់និស្សិតជ័យលាភី និងដើម្បីផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីក្នុងការសិក្សានៅក្នុងប្រទេសជប៉ុន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025)៕





