ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)

    BY Naren March 29, 2025
    លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)

    (ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្ងៃទី២ នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

    នៅក្នុងកិច្ចប្រជុំថ្ងៃទី២នេះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រទេសសមាជិកដែលបានចូលរួមផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជាកាលពីថ្ងៃទី១នៃកិច្ចប្រជុំ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានធ្វើការឆ្លើយតបទៅនឹងចំណុចសំខាន់ៗមួយចំនួនដែលសមាជិកបានលើកឡើង ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច, បរិយាកាសពាណិជ្ជកម្មនិងវិនិយោគ, និងគោលនយោបាយពាណិជ្ជកម្មតាមវិធានការនិងវិស័យរបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនៅពេលដែលកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ និងបានស្នើឱ្យមានការជួយគាំទ្រពីសមាជិកទាំងអស់ ជាពិសេសតាមរយៈការផ្តល់រយៈពេលអន្តរកាលសម្រាប់ភាពអនុគ្រោះ និងប្រព្រឹត្តកម្ម​ពិសេសជាដើម។

    ក្នុងកិច្ចប្រជុំនេះផងដែរ ប្រទេសសមាជិកក៏បានសម្តែងនូវការអបអរសាទរដល់កម្ពុជាដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ ព្រមទាំងកោតសរសើរចំពោះការអនុវត្តគោលនយោបាយពាណិជ្ជកម្មដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យមានការអភិវឌ្ឍន៍ជាលំដាប់ក្នុងការឈានទៅដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជារំពឹងថានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

    Share This Post: